កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយ ទៅកាន់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់អាជីវកម្មថតចម្លងគ្រប់ប្រភេទ ក្នុងគោលបំណងធានានូវភាពរលូន និងយុត្តិធម៌ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងនេះ ម្ចាស់អាជីវកម្មទាំងអស់ត្រូវបានណែនាំយ៉ាងម៉ឺងម៉ាត់ មិនឱ្យតម្លើងថ្លៃសេវាបន្ទប់ស្នាក់នៅ ម្ហូបអាហារ និងមិនត្រូវទទួលថតចម្លងនូវសំណៅឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងការ ប្រឡងបាក់ឌុបជាដាច់ខាត។ វិធានការនេះ គឺដើម្បីជួយសម្រួលដល់បេក្ខជន និងអាណាព្យាបាល ក៏ដូចជាទប់ស្កាត់រាល់សកម្មភាពដែលអាចប៉ះពាល់ដល់ដំណើរការប្រឡងប្រកបដោយតម្លាភាព។
សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកណ្ដាលមានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១៣,៣០៤នាក់ ក្នុងនោះមានស្រី ៧,៥២៨នាក់។ បេក្ខជនទាំងអស់នឹង ត្រូវចូលរួមប្រឡងនៅតាមមណ្ឌលប្រឡងចំនួន ២០កន្លែង ស្មើនឹង ៥៤២បន្ទប់ ដែលបានរៀបចំឡើងនៅតាមបណ្ដាក្រុង-ស្រុកចំនួន ៧ នៃខេត្តកណ្ដាល។
ការណែនាំនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកណ្ដាល ក្នុងការគាំទ្រដល់វិស័យអប់រំ និងធានាថា បេក្ខជនទាំងអស់អាចចូលរួមប្រឡងដោយភាពស្ងប់ស្ងាត់ និងទទួលបានលទ្ធផលសមស្របតាមសមត្ថភាព ពិតរបស់ខ្លួន។ អាជ្ញាធរខេត្តក៏អំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃការប្រឡងថ្នាក់ជាតិនេះ៕

