លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារស្នាក់ការកណ្តាល ដើម្បីរៀបចំផែនការ និងលើកទិសដៅបន្ត

ភ្នំពេញ៖ លោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា នៅវិមាន៧មករា ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារស្នាក់ការកណ្តាល ដើម្បីរៀបចំផែនការ និងលើកទិសដៅបន្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និងលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបផងដែរ។

លោក សេង សច្ចៈ បានអានរបាយការណ៍ស្តីពីសកម្មភាពរបស់សមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងបេសកកម្មរួមចំណែកអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ បច្ចុប្បន្ន សមាគមនេះបានពង្រីកប្រតិបត្តិការដល់ ១៨ រាជធានី-ខេត្ត។

លោក ម៉ៅ ផល្លា បានមានមតិស្វាគមន៍ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកក៏បានគូសបញ្ជាក់ពីសកម្មភាពមនុស្សធម៌ជាច្រើនរបស់សមាគម រួមមានការចែកអំណោយដល់គ្រួសារខ្វះខាត ចាស់ជរា និងជនមានពិការភាព ក្រោមការឧបត្ថម្ភរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

បន្ថែមពីនេះ សមាគមថ្នាលយុវជនកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាហារូបករណ៍ដល់យុវជនក្រីក្រ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលស្របច្បាប់។ ថ្មីៗនេះ សមាគមក៏បានពង្រីកសកម្មភាពជួយឧបត្ថម្ភស្បៀងដល់បងប្អូនភៀសសឹក និងវីរកងទ័ពជួរមុខផងដែរ។

នាឱកាសនោះ លោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងពីផែនការ និងទិសដៅបន្តសំខាន់ៗចំនួនពីរគឺ៖ បន្តគាំទ្រដល់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យរបស់ សម្ដេចតេជោ ធីបតី ជាមួយនឹងការប្តេជ្ញាចិត្តចំពោះឯកភាពជាតិ ស្ថិរភាព និងការអភិវឌ្ឍ។ ទី២ គឺពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ដោយលើកកម្ពស់ព័ត៌មានដែលបានផ្ទៀងផ្ទាត់ ការទទួលខុសត្រូវ និងការយល់ដឹងរបស់សាធារណជន។

លោក រីន រ៉ាវី បានមានមតិសំណេះសំណាលចំពោះការខិតខំប្រឹងប្រែង និងការលះបង់ពេលវេលាដ៏មានតម្លៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា ក្រុមការងាររបស់ថ្នាលយុវជនកម្ពុជា។ លោកបានសង្កត់ធ្ងន់លើការរួមគ្នាថែរក្សាសច្ចភាព ឯកភាព និងការទទួលខុសត្រូវរួមគ្នាចំពោះវឌ្ឍនភាពរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង