ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅស្រុកឆ្លូង ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តក្រចេះ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកតាហ៊ុប ឃីខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការចង្អុលបង្ហាញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តក្រចេះ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។
បច្ចុប្បន្នជនសង្ស័យខាងលេី និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
