ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ប្លង់សុរិយោដី ក្នុងឃុំចំនួន៥ ស្មើនឹង១៨ភូមិក្នុងស្រុកពញាឮ
កណ្តាល៖ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ដែលមានចំនួន ១៨ភូមិ រួមមាន៖ភូមិស្វាយ ឃុំឈ្វាំង ភូមិថ្មី ភូមិព្រៃសុពណ៌ ភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ភូមិទួលងោក ភូមិពោធិ៍តូច ភូមិជ្រោយឫស្សី ឃុំកំពង់លួង ភូមិពោធិ៍រាំល ភូមិដើមពោធិ៍ ភូមិអូរស្អាត ភូមិកំពង់ក្រសាំង ភូមិអង្គសេរី ភូមិថ្លុកអង្រែង ឃុំភ្នំបាត ភូមិធម្មត្រ័យ ភូមិបដិមាករ ភូមិទួលអង្គុញ ឃុំផ្សារដែក ភូមិត្រពាំងឫស្សី ឃុំទំនប់ធំ និងភូមិកំពង់ចុះវារ ឃុំវិហារលួង ស្រុកពញាឮ ដែលមានក្បាលដីចំនួន ១០ ០៧៦ក្បាលដី។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅភូមិខាងលើ ប្រញាប់ទៅពិនិត្យបញ្ជីក្បាលដី ឯកសារវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីធ្លីបានវាស់វែងកន្លងមក ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិ ឬអ្នកពាក់ព័ន្ធ ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ ឈ្មោះក៏ដូចជាទិន្នន័យផ្សេងៗ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬមានបញ្ហាខុសឆ្គងផ្សេងៗ អាចធ្វើការតវ៉ាបានក្នុងរយៈពេលដូចបានកំណត់ខាងលើ។ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត រដ្ឋបាលស្រុកពញាឮ អាជ្ញាធរឃុំភូមិគ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានដំណើរការយ៉ាងរលូនដូចពេលបច្ចុប្បន្ននេះ។
លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល បានឲ្យដឹងថា៖គោលបំណង នៃការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យលើក្បាលដី របស់បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរបស់មន្ទីរ ដែលបានចុះអនុវត្តតាមនីតិវិធីកន្លងមក។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា៖ ស្រុកពញាឮ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ២៣លើកមកហើយ លោក ក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដី នៅក្នុងតំបន់វិនិច្ឆ័យ មេត្តាបង្កភាពងាយស្រួល និងសហការល្អ ដើម្បីអោយការបិទផ្សាយនេះ ប្រព្រឹត្តទៅដោយជោគជ័យ៕













