រដ្ឋបាលខេត្តកណ្ដាល រៀបចំកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ “យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន”
កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារប្រតិបត្តិ នៃកម្មវិធីមនសិការពលរដ្ឋល្អ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ “យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន” ដោយមានការចូលរួមពីយុវជនមនសិការពលរដ្ឋល្អប្រមាណ ៦០០នាក់។
ថ្លែងក្នុងពិធីនេះ លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍ថាការរៀបចំកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ “យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន”នាពេលនេះ គឺក្នុងគោលបំណង ផ្តល់ឱ្យសមាជិកសមាជិកាក្លឹបមនសិការពលរដ្ឋល្អ បានស្ដាប់ និងទទួលបាននូវអនុសាសន៍ ព្រមទាំងដំបូន្មានដ៏មានតម្លៃពីសំណាក់ ឯកឧត្តមអភិបាលខេត្ត និងការបញ្ជាក់ឱ្យឃើញពីភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះយុវជនដែលជាអ្នកបន្តវេន។
លោកជំទាវអគ្គនាយក បានថ្លែងនូវសេចក្តីរំភើបជួសមុខឱ្យប្អូនៗដែលជាយុវជនមនសិការពលរដ្ឋល្អ ដែលមានឱកាសចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលតែងបានយកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រដល់ដំណើរការក្លឹបមនសិកាពលរដ្ឋល្អ នាពេលកន្លងទៅ។ លោកជំទាវ បានបញ្ជាក់ថា កម្មវិធីមនសិការពលរដ្ឋល្អត្រូវបានបង្កើតឡើង ដោយអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងបណ្ដុះមនសិការគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋល្អ និងផ្ដល់ឱ្យយុវជនមានឱកាសចូលរួមក្នុងការងារស្ម័គ្រចិត្ត ការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសក្នុងនាមជាពលរដ្ឋល្អ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ត្រូវមានការសម្រេចចិត្តច្បាស់លាស់ក្នុងជីវិត ហើយដើម្បីសម្រេចគោលដៅ ត្រូវបន្តពង្រឹងសមត្ថភាពខ្លួនជានិច្ចតាមរយៈការបន្តសិក្សារៀនសូត្រ ប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនជានិច្ចឥតឈប់ឈរ។ ឯកឧត្តមបានលើកឡើងថា ការសិក្សាមិនប្រាកដថាជោគជ័យទាំងអស់នោះទេ ក៏ប៉ុន្តែបើគ្មានការសិក្សាពិតណាស់គឺយើងមិនជោគជ័យអ្វីទាំងអស់ ចំណេះដឹងគឺជាទ្រព្យដ៏មហាសាល។ ដូច្នេះសូមយុវជន សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្រទាំងនៅក្នុងក្លឹបមនសិការពលរដ្ឋល្អ ទាំងនៅក្នុងសាលារៀន ក៏ដូចជាខិតខំស្វ័យសិក្សា ខិតខំស្រាវជ្រាវដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នឱ្យអស់លទ្ធភាព ដើម្បីបង្កើនចំណេះដឹង បង្កើនទំនាក់ទំនងក្នុងសង្គម បង្កើតស្នាដៃ និងត្រូវមានការប្រកួតប្រជែងឱ្យបានខ្លាំងក្លា ដើម្បីទទួលបានជោគជ័យក្នុងជីវិត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដល់មើលឃើញពីសារៈសំខាន់របស់កម្មវិធីមនសិការពលរដ្ឋល្អ ខេត្តកណ្ដាល គ្រោងពង្រីកក្លឹបយុវជនមនសិការពលរដ្ឋល្អឱ្យបានគ្រប់ក្រុង-ស្រុកទាំង១៣ នៅពេលខាងមុខ ដោយបច្ចុប្បន្ននេះយើងមាន ចំនួន៤ ក្រុង-ស្រុករួចហើយ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពង្រីកនេះ គឺដើម្បីជំរុញការសិក្សារៀនសូត្រដល់សិស្សានុសិស្ស ផ្ដល់ឱកាសដល់សិស្សានុសិស្ស បានជួបជាមួយវាគ្មិន និងថ្នាក់ដឹកនាំនានា ទទួលបានដំណើរទស្សនកិច្ចផ្សេងៗ ដើម្បីជួយបង្កើនសមត្ថភាពការយល់ដឹងដល់យុវជន ឱ្យយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ទទួលបាននូវបទពិសោធន៍ជោគជ័យល្អៗពីវាគ្មិន និងថ្នាក់ដឹកនាំនានា រួចបន្តផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍ល្អៗដែលទទួលបានតាមកម្មវិធីមនសិការពលរដ្ឋល្អ ទៅកាន់យុវជន សិស្សានុសិស្សផ្សេងទៀត ធ្វើយ៉ាងណាជួយបណ្ដុះមនសិការពលរដ្ឋល្អ ឱ្យរីកសាយក្នុងសង្គមកាន់តែទូលំទូល។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តកណ្តាល បានរៀបចំរៀបចំកែ សម្រួលរចនាសម្ព័ន្ធដឹកនាំកម្មវិធី ក្នុងវិទ្យាល័យគោលដៅទាំង៤ រួមមានដូច ខាងក្រោម៖
១-វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតក្នុងក្រុងតាខ្មៅ មានក្លឹបសិក្សាចំនួន០៦ សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
២-វិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតក្នុងស្រុកស្អាង មានក្លឹបសិក្សាចំនួន០៦ក្លឹប សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
៣-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតក្នុងស្រុកអង្គស្នួល មានក្លឹបសិក្សាចំនួន ០៦ក្លឹប សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
៤-វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតក្នុងស្រុកកណ្តាលស្ទឹង មានក្លឹបសិក្សាចំនួន ០៦ក្លឹប មានសមាជិក ទាំងអស់ចំនួន ១៥០ នាក់។