ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាបបណ្តាញក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង១០៤គីឡូក្រាម
កណ្តាលៈ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ ក្រោមការសម្របសម្រួលនិីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល។
កាលពីថ្ងៃទី២៨-២៩-៣០ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ព្រមទាំងមានការចូលរួមពីកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត-ស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណី កែច្នៃ រក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន៦គោលដៅនៅរាជធានីភ្នំពេញ ឃាត់ខ្លួនបណ្តាញឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនខុសច្បាប់ សរុបចំនួន៦នាក់ (ជនជាតិចិន៥នាក់ និងវៀតណាម១នាក់) ចាប់យកវត្ថុតាងរួមមាន ៖
១-សារធាតុញៀន សរុបទម្ងន់ ៩៤៧៩៣,៨៤ក្រាម (៩៤គីឡូ និង ៧៩៣,៨៤ក្រាម)
២-ល្បាយគីមីផ្សំ P2P និង MAPA សរុបទម្ងន់ ១០៥១៩,៨៨ ក្រាម (១០គីឡូ និង ៥១៩,៨៨ក្រាម)
៣-កាំភ្លើងខ្លី ចំនួន០២ដើម
៤-កាំភ្លើងខ្លីកែច្នៃ ពណ៌ស ចំនួន០២ដើម
៥-រថយន្ត ចំនួន០៣គ្រឿង
៦-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០៥គ្រឿង
៧-ទូរស័ព្ទចំនួន ១២គ្រឿង
៨-ឧបករណ៍កែច្នៃគ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១៕