សង្កាត់ស្វាយរលំ៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានចាត់តាំងឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងលោកហ៊ុន សុខុមចៅសង្កាត់ស្វាយរលដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារា ហេង សុខមុន្នីរស្មី អាយុ៤ឆ្នាំ ដែលបានរងគ្រោះដោយលង់ទឹក ស្ថិតនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើ និងការចូលរួមរំលែកទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយ និងអាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗ ដើម្បីបង្ការគ្រោះថ្នាក់លង់ទឹក។
ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល និងអនុសាខាក្រុងតាខ្មៅ បាននាំយកអំណោយមនុស្សធម៌ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ត្រីខ និងថវិកា ព្រមទាំងសម្ភារៈសម្រាប់ពិធីបុណ្យសព ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសាររងគ្រោះ។ សកម្មភាពនេះជាការបង្ហាញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក៕
