រដ្ឋបាលក្រុងតាខ្មៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យការដ្ឋានដំឡើងភ្លើងសញ្ញាចរាចរណ៍ នៅចំណុចផ្សារដើមអំពិល ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
កណ្តាល៖ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ អាជ្ញាធររដ្ឋបាលក្រុងតាខ្មៅ ដឹកនាំដោយលោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ បានដឹកនាំក្រុមកាងារពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងពិនិត្យមើលវឌ្ឍនភាពការងារនៃការពង្រីកផ្លូវ និងការដ្ឋានដំឡើងបង្គោលភ្លើងសញ្ញាចរាចរណ៍ថ្មី នៅចំណុចផ្លូវបំបែកជាបួនក្បែរផ្សារដើមអំពិល។ សកម្មភាពចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅលើផ្លូវ១១៥ កែងផ្លូវក្រុងលេខ ២០១ ដែលស្ថិតនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងការចុះពិនិត្យនេះ លោក ពៅ គឹមលី អភិបាលរងក្រុងតាខ្មៅ បានបញ្ជាក់ថា៖ ការដំឡើងភ្លើងសញ្ញាចរាចរណ៍ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋព្រោះចំណុចផ្លូវ១១៥ កែងផ្លូវក្រុងលេខ ២០១ ក្បែរផ្សារដើមអំពិល គឺជាចំណុចគន្លឹះមួយដែលមានចរន្តធ្វើដំណើរយ៉ាងមមាញឹកពីសំណាក់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសិស្សានុសិស្ស។ កន្លងមក ទីតាំងបំបែកជាបួននេះ តែងតែជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅម៉ោងចេញចូលធ្វើការ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដោយសារខ្វះប្រព័ន្ធគ្រប់គ្រងសញ្ញាចរាចរណ៍ច្បាស់លាស់។ ដោយមើលឃើញពីការលំបាក និងហានិភ័យទាំងនេះ រដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខ សុវត្ថិភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានសម្រេចដាក់ចេញនូវគម្រោងដំឡើងបង្គោលភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ថ្មីនៅចំណុចនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវរបៀបរៀបរយខ្ពស់។
លោកអភិបាលរងក្រុងបានបញ្ជាក់ផងដែរថា៖ ទន្ទឹមនឹងការពិនិត្យបច្ចេកទេសដំឡើងភ្លើងស្តុប ក្រុមការងារក៏បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជុំវិញតំបន់នោះផងដែរ ដោយបានណែនាំដល់អាជីវករលក់ដូរមិនត្រូវលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់គន្លងផ្លូវថ្មី និងរាំងស្ទះដល់ការដ្ឋានការងារឡើយ ហាមការចតឡាន-ម៉ូតូ អនាធិបតេយ្យនៅក្បែរតំបន់ប្រសព្វ ដែលអាចនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ ។
លោកអភិបាលរងក្រុងតាខ្មៅ បានបន្ថែមថា៖ គម្រោងដំឡើងភ្លើងសញ្ញាចរាចរណ៍នេះ នឹងត្រូវបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាយោគយល់ចំពោះការរំខាន ឬការកកស្ទះបន្តិចបន្តួចក្នុងអំឡុងពេលដែលជាងកំពុងដំណើរការតម្លើងបង្គោល និងតភ្ជាប់ប្រព័ន្ធអគ្គិសនី។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កំពង់សំណាញ់ ជាពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់ចំណុចផ្សារដើមអំពិលជារៀងរាល់ថ្ងៃ បានសម្តែងនូវក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ចំគោលដៅ ដែលនេះនឹងជួយឲ្យការធ្វើដំណើររបស់ពួកគាត់មានសុវត្ថិភាពជាងមុន និងកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើន៕
