ក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តកណ្តាល បូកសរុបលទ្ធផលការងារខែមិថុនា និងដាក់ចេញទិសដៅពង្រឹងការកសាងសមាជិកថ្មីសម្រាប់ខែកក្កដា ឆ្នាំ២០២៦

កណ្តាល៖ នាថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងប្រគល់សេចក្តីសម្រេចជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមការងារ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកណ្តាល។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម ឃួន សុវណ្ណ អនុប្រធានក្រុមការងារ និងឯកឧត្តម ឡេង បូរ៉ា អនុប្រធានក្រុមការងារ និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារជាច្រើនរូប។

អង្គប្រជុំបានធ្វើការវាយតម្លៃលទ្ធផលការងារកន្លងមក ដោយផ្តោតលើការពង្រឹងរចនាសម្ព័ន្ធគណបក្ស ការចុះជាប់មូលដ្ឋាន ការផ្សព្វផ្សាយគោលនយោបាយ និងការចលនាកសាងសមាជិកថ្មី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានដាក់ចេញនូវទិសដៅការងារសម្រាប់ខែកក្កដា ដោយជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាពការងារ ឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំបានគូសបញ្ជាក់ថា ការកសាង និងពង្រីកសមាជិកគណបក្ស គឺជាយុទ្ធសាស្ត្រស្នូលមួយក្នុងការពង្រឹងមូលដ្ឋាននយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការងារនេះក៏ត្រូវបានចាត់ទុកថា ជាសក្ខីភាពនៃការកើនឡើងនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ ក្រុមការងារបានប្តេជ្ញាបន្តអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំគណបក្ស ដោយលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តចុះជាប់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងសំណូមពរ និងក្តីរំពឹងរបស់ប្រជាជន សំដៅរួមចំណែកធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានភាពរឹងមាំ និងទទួលបានការគាំទ្រកាន់តែទូលំទូលាយពីមហាជន។

ប្រភព៖ គេហទំព័រ អាណាចក្រខ្មែរ

អត្ថបទដែលជាប់ទាក់ទង