ស្លាប់ទាំង២នាក់ប្ដី-ប្រពន្ធនៅហ្នឹងកន្លែង ចំនែកកូនតូចរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់និងម៉ូតូនៅតំបន់ 7 NG

 

កណ្តាល៖ ប្រជាពលរដ្ឋនិយាយថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីឈ្មួញបន្ថែមការដឹកជញ្ជូនទាំង យប់ទាំងថ្ងៃជាពិសេសអ្នកបើកបរបន្ថែមល្បឿន។ ករណីថ្មីមួយទៀត ពិតជាគួរឱ្យសង្វេកណាស់ប្តី,ប្រពន្ធ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ចំនែកកូនស្រីរងរបួសធ្ងន់ទាំងព្រឹកព្រលឹម។

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបែនដឹកខ្សាច់និងម៉ូតូទាំងព្រឹកព្រលឹម ខណ:តៃកុងរថយន្តបានរត់ គេចខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦ និង២០នាទីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៦ ចំណុចនៅលើផ្លូវបេតុង 9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន) មានបណ្ណ័បើកបរ តែត្រូវតាមប្រភេទរថយន្ត បើកបរពីទិសខាងកើត ទៅ ខាងលិច ។ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រ ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ព័ណ ខ្មៅ ពាក់ស្លាកលេខ,កណ្តាល 1AD-0916 បើកបរដោយឈ្មោះ រុំ វ័ន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ តូច ល័ង ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ)។ ឈ្មោះ វ័ន ស្រីលក្ខ ភេទស្រី អាយុ៣ឆ្នាំ ជាកូន (របួសធ្ងន់) ជនរងគ្រោះប្តីប្រពន្ធ និងកូន មានទីលំនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរ ពេទ្យ និងស្រាវជ្រាវរកសាច់ញ្ញាត មកទទួលសពជនរងគ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានបឋម បណ្តាលមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុសប្រយត្ន័មិនបានមើលឧបសគ្គខាងមុខ និង រត់គេចពីកន្លែងកើតហេតុ។ ប្រជាពលរដ្ឋរកស៊ីនៅតំបន់នោះបាននិយាយថា មួយរយៈពេលចុងក្រោយនេះសកម្មភាពនៃការដឹកជញ្ជូនអាចម៍ដី និងខ្សាច់ គឺធ្វើឡើងទាំងយប់ ទាំងថ្ងៃ ហើយអាចម៍ដី និងខ្សាច់ជ្រុះរប៉ាត់រប៉ាយពេញផ្លូវស្ទើរកម្រាស់ពីរបីតឹកទៅហើយ។

ក្រុមហ៊ុនដឹកជញ្ជូនដី និងខ្សាច់ទាំងនោះ មិនខ្វល់អំពីអាយុជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនោះឡើយ គឺអ្នកបើកបររថយន្តប្រជែងប្រឹងប្រើប្រាស់ល្បឿនយ៉ាងលឿន ដើម្បីឲ្យបានចំនួនដឹកជញ្ជូនច្រើនជើងក្នុង ១ថ្ងៃៗ។ កាលពីប៉ុន្មានសប្តាហ៍មុន ក៏មានករណីគ្រោះថ្នាក់នៅម្ដុំនោះដែរ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ដែលរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិយាយថា នៅពេលដែលផ្លូវជិះម៉ូតូពោរពេញដោយខ្សាច់ គឺងាយគ្រោះថ្នាក់ខ្លាំងណាស់។        សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ ៕

អត្ថបទដែលជាប់ទាក់ទង