តាកែវ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា លោកអភិបាលស្រុកសំរោង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម និងថវិការរដ្ឋបាលខេត្តមកផ្តល់ជូនគ្រួសារលោកយាយ ឃួន សេង អាយុ ៨០ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយ មានកូន ជាវីរៈកងទ័ពប្រចាំការ នៅគោលដៅភូមិព្រៃចាន់។
ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តតាកែវ ក៏បានថ្លែងប្រាប់ពីកិច្ចខិខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានទាក់ទាញបណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗបានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យមានការងារធ្វើ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១យួរ មី ១កេស ប្រេងឆា ១លីត្រ នំ ១ប្រអប់ ទឹកត្រី ៣ដប ទឹកស៊ីអ៊ីវ ៣ដប កន្ទេល១ មុង ១ ភួយ១ សារុង១ ក្រម៉ា១ និងថវិកាមួយចំនួនទៀត៕
