សំណង់អាគារដែលប្រើកម្មករជនជាតិបង់ក្លាដែសសង់បាន៥០%ហើយ ទើបសុំច្បាប់នៅមន្ទីរជំនាញ,គ្រាដែលរដ្ឋបាលស្រុកស្អាងថា លើកទឹកចិត្តអ្នកវិនិយោគ

កណ្តាល៖ សំណង់អាគាររោងចក្រ១កន្លែងនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កំពុងដំណើរការយ៉ាងសកម្ម ដែលមានកម្មករប្រមាណជិត ៥០នាក់ក្នុងនោះ មានជនបរទេសជាជនជាតិបង់ក្លាដែសជាង២០នាក់ផង ដំណើរការបានជាង ៥០% ហើយ ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើសង្ស័យពុំទាន់មានច្បាប់ទេ។ ប៉ុន្តែមន្ត្រីថ្នាក់ធំនៅរដ្ឋបាលស្រុកស្អាងបញ្ជាក់ថា នេះគឺជាការយោគយល់ដើម្បីទាក់ទាញការវិនិយោគ នេះបើយោងតាមបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។

មេការនៅនឹងការដ្ឋានផ្ទាល់ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ខែមករាឆ្នាំ២០២៦នេះថា ថៅកែជនជាតិចិនបានចេញទៅក្រៅប្រទេសបាត់ហើយ ហើយសំណង់នេះក៏មិនទាន់មានការអនុញ្ញាតច្បាប់ ជាផ្លូវការនៅឡើយដែរ។ យ៉ាងណាទៀតនោះខាងកម្មករដឹងតែពីធ្វើការងារប៉ុណ្ណោះ។ បុរសដែលអះអាងថា ជាមេការទើបតែមកទទួលការងារបានរយៈពេល២ថ្ងៃបានបន្ថែមថា នៅទីនេះមានកម្មករប្រហែលជិត៥០នាក់ ក្នុងនោះក៏មានជនជាតិបង់ក្លាដែសជាង២០នាក់ផងដែរ។

លោកអ៊ឹម ប៊ុនថុល អភិបាលរងស្រុកស្អាងទទួលបន្ទុកការងារសំណង់ប្រាប់អ្នកកាសែតថា ក្រុមហ៊ុនសំណង់ខាងលើនេះ បានដាក់ពាក្យសុំទៅដល់មន្ទីរជំនាញរួច ហើយ ។ លោកអភិបាលរងបានបន្ថែមថា នេះគឺជាការ យោគយល់និងជាការលើកទឹកចិត្តដល់អ្នកវិនិយោគ។ ក៏ប៉ុន្តែថា តើរវាងការលើកទឹកចិត្ត និងការគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់នោះវាជារឿងខុសឆ្គងដែរឬទេ? លោកអភិបាលរងស្រុកបានបន្ថែមថា យើងត្រូវមានការលើក ទឹកចិត្តចំពោះការរកស៊ីនៅក្នុងប្រទេស។

មន្ត្រីនានានៅខេត្តកណ្ដាលនិយាយថា អ្វីដែលជាការលើកឡើងរបស់អ៊ឹម ប៊ុលថុល ជាមន្ត្រីរដ្ឋបាលស្រុកស្អាងនោះមិនមែនជាការត្រឹមត្រូវទេ។ អ្វីដែលសំខាន់គឺត្រូវគោរពច្បាប់ឲ្យបានម៉ត់ចត់ហើយការសុំច្បាប់ដើម្បីសាងសង់ក៏មិនមែនជាបញ្ហាដែលត្រូវខកខាន ឬអូសបន្លាយនោះដែរ។ តើការលើកឡើងរបស់លោកអភិបាលរងស្រុកស្អាង ត្រឹមត្រូវដែរឬទេ? នេះវាអាស្រ័យទៅលើការវិនិច្ឆ័យរបស់ថ្នាក់ ដឹកនាំខេត្តកណ្ដាល និងក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។

សម្រាប់ប្រជាជនស្រុកស្អាងមើលឃើញថា ក្រៅតែពីគំរូអាក្រក់ក្នុងការសាងសង់អាគារមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវនោះ បញ្ហាកម្មករដែលជាជនបរទេសក៏ជារឿងមួយដែលមន្ទីរជំនាញត្រូវពិនិត្យផងដែរ។ តើមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលបានដឹងថា នៅ ក្នុងការដ្ឋានសំណង់ខាងលើ មានជនជាតិបង់ក្លាដេសច្រើនជាង២០នាក់កំពុងធ្វើការដែរឬទេ?៕ការិយាល័យផ្សាយ 012926014

អត្ថបទដែលជាប់ទាក់ទង