ខេត្តត្បូងឃ្មុំ៖ តាមរយៈការឡាយផ្ទាល់របស់ផេកព័ត៌មានវុទ្ធីព័ត៌មានជាច្រើនលើកច្រើនសារ បានលាតត្រដាងឲ្យឃើញអំពីសកម្មភាព នៃការនាំទំនិញខូចគុណភាពពីប្រទេសវៀតណាមតាមច្រកព្រំដែននានា នៅក្នុងខេត្តត្បូងឃ្មុំ។ គាប់ជួនគ្នានោះ ក៏មានការចែករំលែកតគ្នាអំពីករណីដែលរថយន្តមន្ត្រីគយ តាមប្រដេញឃាត់រថយន្តប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នៅស្រុកពញាក្រែកខេត្តត្បូងឃ្មុំក៏ព្រោះតែអស់លោកមានមន្ទិល។
ប្រភពពីអ្នករកស៊ីបានឲ្យដឹងថា នៅលើដងផ្លូវក្នុងខេត្តត្បូងឃ្មុំយ៉ាងហោចណាស់មានកុងត្រូលរបស់សមត្ថកិច្ចស្របច្បាប់១១ កន្លែងដែលកំពុងធ្វើសកម្មភាពសព្វថ្ងៃ។ វាជាសកម្មភាពប្រចាំថ្ងៃ ជាធម្មតាដែលក្រុមប្រជាពលរដ្ឋអ្នករកស៊ីចាំបាច់ ត្រូវតែបង់លុយឲ្យសមត្ថកិច្ចជាច្រើនស្កេកស្អះ ជាពិសេសគយនៅលើដងផ្លូវក្នុងខេត្តត្បូងឃ្មុំនោះជាចាំបាច់។
បញ្ហាទាំងអស់នេះជាប្រព័ន្ធ នៅតាមច្រកព្រំដែនមុនចូលក្នុងខ្សែផ្លូវនៃខេត្តនេះ។ ទំនិញដែលជាប្រភេទសាច់បង្កកត្រូវគេរាយការណ៍ថា បាននាំចូលតាមច្រកដូនរត្នក្នុងស្រុកត្បូងឃ្មុំ។ សមត្ថកិច្ចជាច្រើនស្ថាប័ន នៅច្រក ព្រំដែនបណ្ដាក់គ្នាដូចខ្យងតាមយកប្រាក់អ្នកដឹកទំនិញនិងរកស៊ីនានា។ សមត្ថកិច្ចជាច្រើនទាំងនោះ មិនមែនចាំបង្ក្រាបទំនិញខូចគុណភាពឬសាច់បង្កកទេ។ ប៉ុន្តែចាំយកលុយទៅវិញ។
នាយប៉ុស្តិ៍ ប្រធានស្នាក់ការ ព្រមទាំងគយច្រកដូនរ័ត្ន រួមដៃគ្នាធ្វើជាបណ្តាញខ្នងបង្អែកឱ្យឈ្មួញទុច្ចរិត នាំ ចូលសាច់បង្កកបង្កប់សារធាតុគីមី ដើម្បីប្រមូលលុយលើតុក្រោមតុ កំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋរាប់លាននាក់ ដោយមិនខ្លាចច្បាប់ ដែលប្រការនេះអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបង្ក្រាបឲ្យខាងតែបានជាពិសេសអ្នកដែលអនុញ្ញាតឲ្យឈ្មួញនាំសាច់បង្កកចូល។
តាមការផ្សាយផ្ទាល់ (Live) ចេញពីផេក វុទ្ធី ព័ត៌មាន ដោយមានទាំងការសហការផ្ទាល់ជាមួយមន្ត្រីបសុពេទ្យ និងផលិតកម្មសត្វ ខេត្តត្បូងឃ្មុំ ដើម្បីទប់ ស្កាត់ការ នាំចូលដោយខុសច្បាប់ នៅយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២ និង ៣០ នាទី បានលាតត្រដាងយ៉ាងច្បាស់អំពីអំពើពុករលួយដែលបានរៀបចំជាបណ្តាញ នៅច្រកដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពព័ត៌មានបញ្ជាក់ថា លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន,លោកគង់ សារឿន ប្រធានគយច្រកដូនរដ្ឋ បានប្រព្រឹត្តអំពើពុករលួយយ៉ាង សកម្ម ដោយមានការរួមដៃ និងគាំទ្រពីប្រធានស្នាក់ការច្រកដូនរ័ត្ន និងប្រធានការិយាល័យគយប្រចាំច្រកនេះផងដែរ។
តាមការបង្ហើបពីឈ្មួញ និងអាជីវករនាំចូលទំនិញពីប្រទេសវៀតណាមបានឲ្យដឹងថា ទោះបីបង់ពន្ធគយត្រឹមត្រូវក៏ដោយ ក៏មិនអាចរួចផុតពីការបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក នូ និច និងមេគយច្រកនេះបានឡើយ។ ការនាំចូលសាច់បង្កកតាមរថយន្តសាំយ៉ុង ជាប្រចាំរាល់យប់ ត្រូវបាននាំផ្ដាច់មុខដោយឈ្មួញទុច្ចរិតសង្ស័យជាជនជាតិវៀតណាមផង រកស៊ីប្រចាំដុះស្លែឈ្មោះ “ទៀង” ដែលមានឃ្លាំងនៅតាមបណ្តោយផ្លូវមាត់ច្រក ក្នុងឃុំរូង ស្រុកមេមត់ ដែលសកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោភច្បាប់ស្តីពីការប្រមូលពន្ធ និងការគ្រប់គ្រងព្រំដែន។
មន្ត្រីពាក់ព័ន្ធនៅច្រកដូនរ័ត្ន បញ្ជាក់ថា មកដល់ពេល នេះ លោក នូ និច និងប្រធានគយ លោកគង់ សារឿន នៅតែប្រើតួនាទី និងអំណាច ដើម្បីប្រមូលលុយតាម របៀបពុករលួយ ដោយគ្មានការញញើតច្បាប់។ ក្រុមឈ្មួញនាំចេញជ័រកៅស៊ូស្អុយនិងកសិផលផ្សេងៗ ក៏ ដូចជាការនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ មាន់ ត្រី បន្លែ ផ្លែឈើ ដូង ទុរេន និងសាវម៉ាវ សុទ្ធសឹងក្លាយ ជាប្រភពចំណូលដ៏ធំរបស់លោក នូ និច និង លោកគង់ សារឿន ដែលគ្មានឈ្មួញណាអាចរំលងបាន។
គួរឲ្យកត់សម្គាល់ថា លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ ខណៈសកម្មភាពពុករលួយនេះបន្តកើតមានដោយគ្មានវិធីទប់ស្កាត់។
សាធារណជនអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ ស៊ើបអង្កេត និងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីបញ្ឈប់អំពើពុករលួយ ដែលកំពុងបំផ្លាញសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋលើអាជ្ញាធរ៕
