ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានដឹកនាំក្រុមការងារខេត្ត និងក្រុម AOT ចុះពិនិត្យផលប៉ះពាល់ ដែលកម្លាំងយោធាថៃវាយប្រហារ និងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូរស្មាច់។
យោងតាមសារបង្ហោះរបស់លោកអភិបាលខេត្ត ការចុះពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ដើម្បីវាយតម្លៃការខូចខាតដែលបង្កឡើងដោយការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីភាគីថៃ។
លោក មាន ចាន់យ៉ាដា បានឱ្យដឹងថា៖ «បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ»។
