អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនក្រុមគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ចំនួន២៧៩គ្រួសារ
តាកែវ ៖ អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនក្រុមគ្រួសារវីរៈកងទ័ព និងគ្រួសារស៊ីវិលភៀសសឹក ចំនួន២៧៩គ្រួសារ មកពីតាមបណ្តាលខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅ ជាបណ្តោះអាសន្នក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ឆ្នាំ២០២៥។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានសំដែងក្តីរំភើបរីករាយចំពោះវីរយោធិនកម្ពុជាទាំង១៨រូប ត្រូវបានភាគីថៃ ដោះលែងនៅថ្ងៃនេះ តាមច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន បន្ទាប់ពីភាគីថៃគ្រប់គ្រងអស់រយៈពេល ១៥៥ថ្ងៃ។
អភិបាលខេត្តតាកែវ បានរំលឹកថា វីរយោធិនចំនួន២០រូប ត្រូវបានទាហានថៃចាប់ខ្លួន និងគ្រប់គ្រងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ហើយវីរយោធិន២រូប ត្រូវបានភាគីថៃប្រគល់ឱ្យ កម្ពុជាវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក៏ប៉ុន្តែនៅសល់១៨រូបទៀត មិនទាន់ប្រគល់ត្រលប់មកអោយកម្ពុជាវិញ។
លោក វ៉ី សំណាង បានថ្លែងបន្តថា ចាប់តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរៈយោធិនកម្ពុជាមក រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយ ទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរយោធិនរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយ សុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់វីរយោធិនរបស់ខ្លួនណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
