រថយន្តដឹកឧបករណ៏៏និងក្រុមតន្ត្រីអ៊គ័កាដង់ បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ០៣ខ្នង ក្រោយប្រគុំចប់ត្រឡប់ទៅផ្ទះវិញ
កណ្តាល ÷ រថយន្តដឹកឧបករណ៏តន្ត្រីសម័យអ៊គ័កាដង់ មានអ្នកតន្ត្រី អ្នកចម្រៀង អ្នករាំកំដរឆាក អ្នកបើករថយន្ត បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ចំនួន០៣ខ្នង ក្រោយពេលប្រគុំចប់ត្រឡប់ទៅផ្ទះវិញ ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុច អែបផ្លូវជាតិលេខ ២១ ស្ពានលេខ(៦) ផ្សារោងចក្រព្រែកឡុង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ធបាលរកាខ្ពស់ បានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានក្រុម តន្ត្រីសម័យអ៊គ័កាដង់ មួយក្រុម មានអ្នកតន្ត្រី អ្នកចម្រៀងស្រីប្រុស អ្នករាំកំដរឆាក អ្នករៀបចំឆាក តៃកុងរថយន្ត លើសពី១០នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ ទាំងមនុស្ស ទាំងយីហោក្រុមតន្ត្រី ដោយគ្រាន់តែប្រាប់ថា មកពីប្រគុំតន្ត្រីក្នុងកម្មវិធីមង្គលមួយ នៅក្នុងស្រុកស្អាង ហើយត្រូវជិះលើរថយន្តម៉ាក HYUNDAI ចំណុះ២តោនកន្លះពាក់ស្លាកលេខ តាកែវ 3A – 3874( រថយន្តរងការខូចខាត ផ្នែកកាប៊ីនខាងមុខ) ដែលត្រូវ វិលត្រឡប់ទៅឯខេត្តតាកែវវិញ ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចេញពីផ្លូវមកខាងឆ្វេងបុករះផ្ទះអាជីវករផ្សាលក់ដូរចំនួន ០៣ផ្ទះ បណ្តាលអោយ តៃកុងរថយន្តរងរបួសដើមទ្រូងបុកជាមួយដៃចង្កូតរថយន្ត បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងបានប្រាប់សមត្ថកិច្ចថា÷ ទុកអោយថៅកែក្រុមតន្ត្រី ជាអ្នកដោះស្រាយ រួចពួកគេបានគេចខ្លួនបាត់អស់ ។
លោកនាយប៉ុស្តិ៍បានបន្ថែមថា÷ លំនៅដ្ធាន០៣ខ្នង សាងសង់អំពីដែក ប្រក់សង្ក័សី បានរងការខូចខាត បាក់បែករហែកជញ្ជាំង បាក់សសរដែក ខូចទ្វារមូរ ធ្នឹមដែក យ៉ខាងមុខ ដាច់ខ្សែភ្លើងបែកអំពូល រួមនិងសម្ភារ: ចាប់ហួយគ្រឿងទេសជាច្រើនទៀត តែជាសំណាងដែលម្ចាស់ផ្ទះមិនមានរងរបួសគ្រោះថ្នាក់នោះឡើយ ចំនែកក្រុមតន្ត្រី ក៏ជីវិតថ្លៃដែរ ដែលជាធម្មតា ពេលចេញទៅប្រគុំតន្ត្រី ពួកគេតែងតែជិះលើឧបករណ៏ភ្លេង និងដែក ក្តារឆាក តែពេលប្រគំុចប់ត្រឡប់ទៅផ្ទះវិញ ពួកគេបានគេង ដែលធ្វើអោយពួកគេរួចផុត មិនមុតសន្លឹកសង្ក័សីដំបូលផ្ទះដែលរថយន្តបានបុកនោះ ។
លោក ឈឿ សុភគ្រ័ ដែលជាម្ចាស់ផ្ទះរងគ្រោះ បានប៉ាន់ប្រមាណលើការខូចខាត គឹតជាទឹកប្រាក់សរុបទាំង ០៣ផ្ទះ ប្រមាណ ៨ ពាន់ដុល្លា ហើយគិតមកដល់ម៉ោង ១២ ថ្ងៃដដែល មិនទាន់ឃើញម្ចាស់រថយន្តថៅកែតន្ត្រីសម័យ ចូលខ្លួនជួបចរចារដោះស្រាយជាមួយ ម្ចាស់ផ្ទះរងគ្រោះទាំង០៣នៅឡើយ ៕
