ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (លួចដុតតូបលក់ដូរក្នុងផ្សារ)

កណ្តាល ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី អគ្គីភ័យ កើតឡើង នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ កម្លាំង កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ពន្លត់បាន១០០%។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត កម្លាំងជំនាញ ចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា ករណីអគ្គីភ័យខាងលើ គឺបង្កដោយជនសង្ស័យ ០១នាក់ បានធ្វើការលួចដុត ហើយបានគេចខ្លួនបាត់ទៅ។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយ ជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បញ្ជូនមកខេត្តកណ្តាលដើម្បីធ្វើការសាកសួរ។
+សម្ភារ:ខូចខាត: តូបលក់ដូរក្នុងផ្សារ ចំនួន ០៤តូប៖ តូបលក់គ្រឿងក្រអូប ០១តូប, តូបលក់សម្លៀកបំពាក់ ០២តូប, តូបជាងទង ០១តូប និងសម្ភារ:ក្នុងតូបទាំងបួនជាច្រើន។
+សម្ភារៈដកហូតៈ ដែកកេះចំនួន០១ដើម, ម៉ូតូអាគុយ(កង់បួន)ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង