ព្យុះទីហ្វុង Kajiki សម្លាប់មនុស្ស៣នាក់នៅប្រទេសវៀតណាម និងបង្កជាទឹកជំនន់លិចផ្លូវនៅហាណូយ

អាជ្ញាធរវៀតណាមបានប្រកាសនៅថ្ងៃអង្គារ ទី២៦ សីហា នេះថា ព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និង មនុស្ស ១០នាក់ផ្សេងទៀតរង​របួស​នៅក្នុងប្រទេសវៀតណាម។ អាជ្ញាធរ​បានព្រមានទុក​ថាភ្លៀងធ្លាក់ខ្លាំងអាចបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្យល់ព្យុះនេះបានបំផ្លាញផ្ទះជិត៧.០០០ខ្នង ជន់លិចដំណាំស្រូវចំនួន ២៨.៨០០ហិកតា និងបានបំផ្លាញដើមឈើឲ្យ​ដួលចំនួន ១៨.០០០ដើម។ ព្យុះនេះក៏បានបំផ្លាញបង្គោលអគ្គិសនីចំនួន ៣៣១ដើម ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និង Phu Tho។

រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញផ្លូវនានាក្នុងរដ្ឋធានីហាណូយត្រូវបានជន់លិចយ៉ាងខ្លាំង ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ។

ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា បន្ទាប់ពីរអិលបាក់ដីនៅឆ្នេរភាគកណ្តាលខាងជើងនៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃចន្ទ ទី ២៥ សីហា ព្យុះ Kajiki នេះបានថយចុះខ្សោយទៅជាព្យុះត្រូពិច ខណៈដែលវាបានរំកិលឆ្លងកាត់ទៅកាន់ប្រទេសឡាវកាលពីព្រឹកថ្ងៃអង្គារ។

មុនពេលព្យុះទីហ្វុង Kajiki ឆ្ពោះទៅកាន់ប្រទេសវៀតណាម ព្យុះនេះបានឆ្លងកាត់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះ Hainan របស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី២៤ សីហា ដោយបង្ខំឱ្យទីក្រុង Sanya នៅលើកោះនេះបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈ៕

 

អត្ថបទដែលជាប់ទាក់ទង