ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល

ការិយាល័យផ្សព្វផ្សាយ 070926014/012926014

កណ្តាល៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ការរៀបចំប្រព័ន្ធលូទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ការរបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការដាក់តាំងផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល។

 

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវ និងលូទឹកភ្លៀង ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសំពៅពូន នេះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់អ្នកសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀង ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងឱ្យរួចរាល់តាមផែនការដែលបានកំណត់ ពិសេសត្រូវធានាថា ផ្លូវ និងប្រព័ន្ធលូនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

 

ជាមួយក្នុងនេះផងដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករ កំពុងប្រកបរបរនៅអមសងខាងផ្លូវដែលកំពុងសាងសង់ និងដាក់ប្រព័ន្ធលូ ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមសហការល្អជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវ ដែលធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូទឹកភ្លៀងនេះ។

 

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ នៅពេលនេះយើងប្រឈមនិងបញ្ហាក្នុងរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលផ្លូវ និងប្រព័ន្ធលូបានសាងសង់រួចហើយ នោះក្រុងសំពៅពូន នឹងក្លាយជាទីក្រុងមួយដ៏ស៊ីវិល័យ មានហេដ្ឋារចនាសម្ព័ន្ធស្អាត មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ផ្លូវធំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសអ្នកវិនិយោគនានា មកវិនិយោគនៅក្រុងសំពៅពូន ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងសំពៅពូន ខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំពៅពូន មានជីវភាពធូរធារបន្ថែមពីលើនេះមួយកំរិតទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង