កណ្ដាល ៖ យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឈួ សុបញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងធម្មការនិងសាសនា និងឯកឧត្តម នូសាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញព ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងអញ្ជើញផ្តល់ភ្លើងបូជាសព លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកណ្ដាល ស្ថិតក្នុងភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ។
ស្ថិតក្នុងពិធីដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក លី សុខធី សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។
ឯកឧត្តមទាំងពីរបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោក លី សុខធី ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក ឯកឧត្តមអភិបាលខេត្ត ក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយ បានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកប្រធានមន្ទីរ៕
