វេទិកាសាធារណ: ប្រជាពលរដ្ឋ ក្នុងខណ្ឌ៧មករា ទាំងមូលបានសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ស្តីពីការឯកភាព “បទឈប់បាញ់” រវាងកងទ័ពកម្ពុជា-ថៃ
នារសៀលថ្ងៃពុធ ១២កើត ខែ ស្រាពណ៍ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំ ខែសីហា ឆ្នាំ២០២៥ ដែលប្រព្រឹតទៅនៅសាលាសង្កាត់អូរឬស្សី២ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៧២ នាក់ ស្រី ៤៩នាក់ ផងដែរ ។
អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និង សំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ ខ្ញុំបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ភ្លាមៗ ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅ រដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ ចុះពិនិត្យតាមនីតិវិធីជាក់ស្តែងតែម្តង ។
តាមរយៈវេទិកានេះដែរមាន ប្រជាពលរដ្ឋ បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ មានចំនួន ០២ នាក់ ស្មើនិង ០៣ សំនួរ សំណូមពរ និង ដោយលាយល័ក្ខអក្សរ មានចំនួន ០១ នាក់ ស្មើនិង ០១ សំនួរ សំណូមពរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់ រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា ការលក់ដូរធុងស្នោរប៉ះពាល់សណ្តាប់ធ្នាប់ សំរាម បញ្ហាជ្រាបទឹក ដែលពាក់ព័ន្ធ ជាមួយ នឹង ជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់ ។
ក្រោយពីបញ្ចប់ការបកស្រាយ សំនួរ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការ រួចមក អ៊ុំស្រីម្នាក់ គាត់សុំច្រៀងចំរៀងមួយបទ ដើម្បីបង្កើតបរិយាកាសរីករាយ ក្រោយ ពី “បទឈប់បាញ់” រវាង កម្ពុជា- ថៃ ។
