លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា អញ្ជើញចូលរួមដង្ហែរទៀនព្រះវស្សា វេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅទីអារាមក្នុងវត្តទាំង៥ ក្នុងឃុំពាមមន្ទារ

ព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ស៊ីន សុផលដានីតា ទីប្រឹក្សាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមដង្ហែរទៀនព្រះវស្សា ទៅវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅទីអារាមក្នុងវត្តទាំង៥ ក្នុងឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមការដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ និងលោកជំទាវ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា ជារៀងរាល់ឆ្នាំអង្គភាពលេខាធិការដ្ឋាន រួមជាមួយ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា រួមនិងក្រុមការងារ បានចូលរួមជាបច្ច័យ និងទេយ្យវត្ថុ ដើម្បីដង្ហែទៀនព្រះវស្សាទៅកាន់វត្តទាំង៥ ក្នុងឃុំពាមមន្ទារ ប្រកបដោយឆន្ទៈដ៏បរិសុទ្ធ ចូលរួមក្នុងការថែរក្សា និងគោរពប្រតិបត្តិតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ”។

ឯកឧត្តម បានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជា ទីវត្តអារាមគឺជាគ្រឹះដើមអក្សរសាស្រ្តខ្មែរ ជាជង្រុកនៃសម្បត្តិវប្បធម៌ជាតិ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាទីឋានអប់រំឱ្យមនុស្សឱ្យមានគុណធម៌ដ៏ត្រជាក់ មានមេត្តាធម៌ ករុណាធម៌ មានសាមគ្គីល្អ ចេះជួយគ្នាក្នុងគ្រាលំបាក។

ក្នុងពិធីនេះដែរ ឯកឧត្តម ប្រធាន ក៏បានជម្រាបជូនពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋអំពីស្ថានការណ៍នៅព្រំដែន និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមជួយថែរក្សាកងទ័ព កងកម្លាំងនគរបាលជាតិ និងសម្ថកិច្ចគ្រប់ស្ថាប័នទទួលបានសុខសុវត្ថិភាព និងទទួលបានជ័យជំនះជូនជាតិមាតុភូមិ។

សូមជម្រាបជូនថា ទេយ្យទាន និងបច្ច័យដែលក្រុមការងារនាំយកប្រគេនជូនទាំង ៥វត្ត រួមមាន ទៀនព្រះវស្សា សាដក គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះចៅអធិការវត្ត បច្ច័យកសាងវត្ត ភិក្ខុ សាមណេ តាអាចារ្យ តាជី យាយជី។
ទេយ្យទាន ៥វត្ត ក្នុង ១វត្ត = ១.៤៣៩.០០០រៀល សរុប ៧.១៩៥.០០០រៀល, បច្ច័យប្រគេនព្រះសង្ឃ និងបច្ច័យកសាង ៥វត្ត = ៤.៨១០.០០០រៀល, បច្ច័យ និងក្រម៉ាជូនតាជី យាយជី ក្រុមប្រឹក្សាឃុំ-ភូមិ បុស្តិ៍រដ្ឋបាល =៤.២៥០.០០០រៀល, ចង្ហាន់ព្រះសង្ឃ + អាហារសម្រន់ + ផ្សេងៗ ១.១៥០.០០០រៀl សរុប ១៧.៤០៥.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង