ឯកឧត្តម គួច ចំរើន កោតសរសើរដល់ប្រជាពលរដ្ឋស្រុកល្វាឯម ជាប្រជាពលរដ្ឋល្អដែលមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៥ភូមិ គឺភូមិព្រែកជ្រៃ ភូមិព្រែកឫស្សី ភូមិព្រែកប្រា ភូមិអន្លង់ទ្រា និងភូមិពាមស្ដី ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះថា៖ ប្រជាពលរដ្ឋនៅស្រុកល្វាឯម គឺជាប្រជាពលរដ្ឋដែលល្អ ព្រោះថានៅក្នុងស្រុកល្វាឯមមានបញ្ហាទំនាស់ដីធ្លីតិចតួចបំផុត បើធៀបនឹងបណ្ដាក្រុង-ស្រុកដទៃទៀត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ គិតត្រឹមពេលនេះ ទូទាំងខេត្តកណ្ដាល មានបញ្ហាទំនាស់ដីធ្លីប្រមាណជា ៥៧៧ករណី ហើយក្នុងនោះស្រុកល្វាឯមមានត្រឹម ៥ករណីប៉ុណ្ណោះ ដែលនេះគូសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋក្នុងស្រុកល្វាឯម មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាប្រជាពលរដ្ឋគំរូ ដែលមានវិវាទដីធ្លីតិចតួចបំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកល្វាឯមទាំងអស់ សូមបន្តនៅវប្បធម៌នេះឱ្យបានល្អបន្តទៀត ដើម្បីទុកជាគំរូដល់ក្រុង-ស្រុកដទៃទៀត។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកណ្ដាល បានឱ្យដឹងថា៖ ការបិទផ្សាយនាពេលនេះ គឺជាលើកទី២៩៨ នៅក្នុងខេត្តកណ្ដាលទាំងមូល ព្រមទាំងជាលើកទី១១ និងជាការបិទផ្សាយបញ្ចប់លើកចុងក្រោយ នៅក្នុងស្រុកល្វាឯម ដែលមានចំនួន ៥ ភូមិគឺ ភូមិព្រែកប្រា ភូមិព្រែកជ្រៃ ភូមិព្រែកឬស្សី ភូមិអន្លង់ទ្រា និងភូមិពាមស្ដី សរុបចំនួន ៥០៨២ក្បាលដី។

លោកប្រធានមន្ទីរ បានបន្ថែមថា៖ ការបិទផ្សាយជាសាធារណៈនេះ មានរយៈពេល ១៥ ថ្ងៃ ចាប់ពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

អត្ថបទដែលជាប់ទាក់ទង