កណ្តាល៖ មង្គលហោត្រៃ មួយខ្នង ក្នុងវត្តជ័យមង្គល ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានកម្ពស់ ២ជាន់បណ្តោយ ២២ម៉ែត្រ xទទឹង១១ម៉ែត្រ យ៉មុខបណ្តោយ៥ម៉ែត្រ ទទឹង៣ម៉ែត្រ ដែលចំណាយថវិកាសាងសងចំនួន ១៩០ ១៨០ដុល្លា(មួយរយកៅសិបពាន់មួយរយប៉ែតសិបដុល្លារអាមេរិក) ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដែលបានទទួលការនិមន្តរបស់ព្រះវិជ្ជានុរក្ខញាណ ខឹម សុផន ព្រះអនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តស្លាកែត មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃ នាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មាតាបង្កើតឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា៖ ព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា តាមរយៈនូវការអប់រំផ្ទាល់តាមសហគមន៍ និងទេសនាអប់រំធម៌វិន័យ សីលធម៌ សុជីវធម៌តាមប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា វិទ្យុ ទូរទស្សន៍ ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗទៀតជាដើម។ ជាងនេះទៅទៀត ការអប់រំតាមបែបទស្សនវិជ្ជា របស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និងឥរិយាបថក្នុងសង្គមដែល ពុទ្ធសាសនិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់ ដឹងថា តើអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ។
ឯកឧត្តមបានបន្តថា៖ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកបញ្ហាសុខដុមនីយកម្មរវាងជាតិសាសន៍ និងសាសនាជាបញ្ហាដ៏មានសារៈសំខាន់ ដើម្បីធានាដល់សុខសន្តិភាពការបង្រួបបង្រួមជាតិ ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថា៖ ទីអារាមក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។
ជាមួយគ្នានោះ ឯកឧត្តម តាំង ម៉េងលាន ក៏បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះនឹងសូមចូលរួមអនុមោទនា ត្រេកអរចំពោះពិធីសម្ពោធឆ្លង មង្គលហោត្រៃ ក្នុងវត្តជ័យមង្គល ។ ពាក់ពន្ធ័ជាមួយបញ្ហាព្រំដែន
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ត្រូវមានជំនឿ និងចូលរួមគាំទ្រលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានសម្រេចលើកបញ្ហាយកប្រាសាទតាមាន់ធំ ប្រាសាទ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) ដើម្បីដោះស្រាយ។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន តាមដាននូវព័ត៌មានដោយប្រុងប្រយ័ត្ន ជៀសវាងការទទួលយកនូវព័ត៌មានក្លែងក្លាយ សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តជួយគាំទ្រទាំងផ្នែកស្មារតី សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗទៀតជួយដល់កងកម្លាំងដែលកំពុងឈរ ជើងនៅព្រំដែនជួរមុខ ការពារបូរណភាពទឹកដីទប់ទល់នឹងសត្រូវឈ្លានពាន ទឹកដី៕

















