ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍នីតិវិធីនៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥

កណ្តាល៖ ជ័យលាភី និងប្រាក់រង្វាន់ជាកិត្តិយសមួយ តែការផ្តល់សេវាប្រកបដោយគុណភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានទើបជាគុណតម្លៃស្នូលនៃចលនាប្រឡងប្រណាំង នេះគឺជាប្រសាសន៍ដល់មានអត្ថន័យរបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងនៅក្នុងវគ្គបណ្ដុះបណ្ដាល ស្តីពី គោលការណ៍ នីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួម អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការតាមភូមិឃុំសង្កាត់ផងដែរ ។

ក្នុងឱកាសនេះ៖ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងការប្រឡងប្រណាំងឆ្នាំ២០២៥នេះ ខេត្តកណ្តាលបានជម្រុញអង្គភាពទាំងអស់ក្នុងខេត្ត ដែលកំពុងមានវត្តមានចូលរួមក្នុងវគ្គបណ្តះបណ្តាលនេះរួមមាន សាលាបឋមសិក្សាចំនួន ៣៧៣ សាលាអនុវិទ្យាល័យចំនួន ១០០ និងមណ្ឌលសុខភាពចំនួន១០៧ ឱ្យចូលរួមប្រឡងប្រណាំងដើម្បីអភិវឌ្ឍសមត្ថភាពអង្គភាព និងមន្ត្រីក្នុងការស្វែងយល់ បំពេញរាល់តម្រូវការនៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ សំដៅលើកកម្ពស់ការផ្តល់សេវាក្នុងវិស័យអប់រំ និងសុខាភិបាលឱ្យបានកាន់តែល្អប្រសើរនៅមូលដ្ឋាន។

ឯកឧត្តមបន្តទៀតថា៖ ការរៀបចំ និងដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាការពញាក់ស្នារតីដល់អង្គភាពផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យខិតខំបំពេញការងាររបស់ខ្លួនក្នុងការបម្រើសេវាផ្ទាល់ដល់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ប្រសើរ ព្រមទាំងឆ្លើយតបនឹងសេចក្តីត្រូការរបស់ប្រជាជន ហើយក៏ជាផែនទីបង្ហាញផ្លូវក្នុងការកែលម្អរការគ្រប់គ្រង់ និងការផ្តល់សេវានៅអង្គភាពរបស់ខ្លួន ត្រៀមលក្ខណៈបានល្អប្រសើរសម្រាប់ចូលរួមការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ និងការចូលរួមចំណែកសម្រេចបាននូវបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្ស នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបន្ថែមទៀតថា៖ ដើម្បីសម្រេចចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាល បានសម្រួចឆន្ទៈយ៉ាងមោះមុតបន្តអនុវត្តការកែទម្រង់គ្រប់វិស័យឱ្យកាន់តែមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ ក្នុងគោលដៅធ្វើឱ្យកម្ពជាមានភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិស័យអប់រំ និងការកែទម្រង់វិស័យសុខាភិបាល ត្រូវបានកំណត់ជាវិធានការគន្លឹះ សម្រាប់គាំទ្រការអនុវត្ត និងការសម្រេចបាននូវកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបញ្ជាក់ថា៖ វគ្គបណ្តះបណ្តាលដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ ដោយមានការចូលរួមធ្វើបទបង្ហាញពីនីតិវិធីនៃការវាយតម្លៃ ការទទួលស្គាល់អង្គភាពផ្តល់សេវា សាធារណៈគំរូ, ចំណុចលំអិតទាំងអស់ក្នុងលក្ខណៈវិនិច្ឆ័យគោលទាំង៨ រួមនឹងការចែករំលែកឧត្តមានុវត្ត នៃការផ្តល់សេវាពីអង្គភាពជ័យលាភីរបស់ខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗ។ ហើយវគ្គបណ្តុះបណ្តាលអាចរៀបចំទៅបាន ដោយមានការជួយឧបត្ថម្ពីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្សាធារណៈ លើការចំណាយក្នុងការរៀបចំអាហារសម្រន់ អាហារថ្ងៃត្រង់ សម្ភារៈផ្សេងៗនិងប្រាក់ឧបត្ថម្ភដល់សិក្ខាកាម ដែលអញ្ហើញមកពីបណ្តាក្រុង-ស្រុក។

អត្ថបទដែលជាប់ទាក់ទង