អតីតយុទ្ធជន ចំនួន៣៨គ្រួសារទទួលដី និងផ្ទះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីសម្រាលការលំបាក និងតបស្នងការលះបង់ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកអំណោយ ព្រមទាំងប្រគល់ដី និងផ្ទះជូនអតីតយុទ្ធជនចំនួន ៣៨គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជាកសាងដោយអ្នកឧកញ៉ា វិញ ហួរ។
ពិធីសំណេះសំណាល ព្រមទាំងប្រគល់ដី និងផ្ទះជូនអតីតយុទ្ធជនមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអាជ្ញាធរខេត្ត ស្រុក និងឃុំ ធ្វើឡើងនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អតីតយុទ្ធជន ដែលទទួលបានដី និងផ្ទះ បានថ្លែងអំណរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការគិតគូរសុខទុក្ខដល់អតីតយុទ្ធជនជួបការលំបាកគ្រប់រូបឱ្យទទួលបានការតបស្នងមូយដ៏សមរម្យសម្រាប់ជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរជាងមុន។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តត្បូងឃ្មុំទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែងបានចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូនអតីតយុទ្ធជន៕