បេក្ខជន និងសកម្មជន ៣៦នាក់ របស់គណបក្សនយោបាយនានានៅខេត្តព្រៃវែង សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
នៅឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ចំនួន៣៦នាក់ នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៦ និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានខេត្តព្រៃវែង បានរួមសហការជាមួយ លោក យោន និមល តំណាងឲ្យលោក ប៊ិន សម្បត្តិ អនុប្រធានគណៈកម្មាធិការគណបក្សស្រុកកញ្ជ្រៀច លោក ប៉ែន ថុន ប្រធានគណៈកម្មាធិការគណបក្សឃុំ លោកនាង សារ៉ាយ សមាជិកគណៈអចិន្ត្រៃយ៍ឃុំ លោកប្រធានសាខាបក្សភូមិ បានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណបក្សនយោបាយនានា ក្នុងឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងចំនួន ៣៦នាក់ ស្រី ២០នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ដោយមានការគិតគូរយកចិត្តទុកដាក់ពី លោក ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង បានផ្ដល់ភាពកក់ក្តៅដល់បេក្ខជន សកម្មជនរបស់គណបក្សនយោបាយនានានៅខេត្តព្រៃវែង ដែលបានចុះចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក បានបន្តថា ពួកគេបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀត បន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនង ជាមួយបក្សនយោបាយនោះហើយ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។
ពេលនេះក្រុមសកម្មជនទាំងអស់ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទនុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ក្រុមសកម្មជនទាំង ៣៦រូប បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ពួកគេក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សផ្សេងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕
