ស្រុករមាសហែក ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទទួលបានអំណោយសប្បុរសធម៌ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ខេត្តស្វាយរៀង៖ នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារថ្នាលយុវជនកម្ពុជាអនុសាខាស្រុករមាសហែក ខេត្តស្វាយរៀង ដឹកនាំដោយលោក ពុត ថាំង ប្រធានប្រតិបត្តិអនុសាខាស្រុក និងលោក សុះ រំលី អនុប្រធានសាខាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម ផេង គីមស្រ៊ុន និងក្រុមការងារ ទៅប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិត្រពាំងបន្ទាយ ឃុំអន្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

អំណោយដែលបានប្រគល់ជូន រួមមាន អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មីជាតិ ប៊ីចេង មើមខ្ទឹម កន្សែងពោះគោ និងថវិកាមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យបងប្អូនបន្តចូលរួមថែរក្សាសុខសន្តិភាព និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះ តំណាងអាជ្ញាធរ និងប្រជាពលរដ្ឋរងគ្រោះ បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែង។

ជាចុងក្រោយ ក្រុមការងារថ្នាលយុវជនកម្ពុជាបានជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងទទួលបានពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។៕

អត្ថបទដែលជាប់ទាក់ទង