បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់រកការខ្ពស់ ក្រុងតាខ្មៅ

កណ្តាល៖ ឯកឧត្ដម សំ តុលា សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការខេត្ត អនុប្រធានក្រុមការងារ ខ.២៦០៥-៣៨ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានដឹកនាំលោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់រកាខ្ពស់ ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយមូលដ្ឋានភូមិទាំង៧ អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងពិធីនោះឯកឧត្តមប្រធាន និងលោក លោកស្រី ប្រធានក្រុមការងារចុះជួយមូលដ្ឋានភូមិ ក៏បានជួយឧបត្ថម្ភនូវថវិកាជូនដល់ក្រុមការងារ យុវជនជាសមាជិកក្នុងពិធី និងស្ត្រីមានផ្ទៃពោះផងដែរ។ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធាន និងសមាជិក ក្រុមការងារចុះមូលដ្ឋានសង្កាត់ និងភូមិទាំង៧ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានក្រុមការងារចុះជួយសង្កាត់តាខ្មៅ គណៈកម្មាធិការគណបក្សក្រុងតាខ្មៅ គណៈកម្មាធិការសង្កាត់តាខ្មៅ ព្រមទាំងសមាជិក សមាជិកាជួរយុវជនគណបក្សប្រជាជនកម្ពុជា សង្កាត់រកាខ្ពស់ ចំនួនជាង៤៨៦នាក់។

ឯកឧត្តមសំ តុលាបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការបន្តវេន និងអភិវឌ្ឍន៍គណបក្សឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបានជំរុញឱ្យថ្នាក់ដឹកនាំយុវជនដែលទើបនឹងជាប់ឆ្នោតទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ចំពោះគណបក្ស និងបម្រើប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់បន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងនយោបាយ ដើម្បីរួមចំណែកកសាង និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

ពិធីបោះឆ្នោតនេះមិនត្រឹមតែជាការជ្រើសរើសថ្នាក់ដឹកនាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលតែងតែផ្តល់ឱកាសឱ្យយុវជនបានចូលរួមក្នុងការសម្រេចចិត្ត និងដឹកនាំ។

ថ្នាក់ដឹកនាំយុវជនដែលត្រូវបានជ្រើសរើសនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលនយោបាយគណបក្ស និងកៀរគរការគាំទ្រពីមហាជន ជាពិសេសពីស្រទាប់យុវជន ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕អត្ថបទឈុន សុភ័ក្រ

អត្ថបទដែលជាប់ទាក់ទង