បញ្ចប់វិវាទដីធ្លីដោយសន្តិវិធី! ករណីទំនាស់រវាងឧកញ៉ា ថោង សារ៉ាត់ និងវរៈកងទ័ព នៅក្រុងតាខ្មៅ ត្រូវបានសម្របសម្រួលបញ្ចប់ដោយជោគជ័យ
(កណ្ដាល)៖ ករណីវិវាទដីធ្លីរវាងលោកឧកញ៉ា ថោង សារ៉ាត់ និងភាគីវរៈកងទ័ព ដែលបានកើតមាននៅក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានបញ្ចប់ដោយសន្តិវិធី និងការយោគយល់គ្នាទៅវិញទៅមក បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងរួមមួយប្រកបដោយស្មារតីសហការ និងការគោរពគ្នា។ នេះបើតាមប្រភពពីលោក ផែង វណ្ណៈ ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។
លោក ផែង វណ្ណៈ បានបញ្ជាក់ថា យោងតាមលទ្ធផលនៃការសម្របសម្រួល នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ភាគីវរៈកងទ័ពបានទទួលដី និងថវិកាឧបត្ថម្ភបន្ថែមពីលោកឧកញ៉ា ថោង សារ៉ាត់ ខណៈដែលលោកឧកញ៉ាក៏បានសម្រេចដកពាក្យបណ្ដឹង និងបញ្ចប់ការប្ដឹងផ្ដល់ទៅលើភាគីវរៈកងទ័ពផងដែរ។
ការឈានដល់ដំណោះស្រាយនេះ ត្រូវបានចាត់ទុកថា ជាគំរូវិជ្ជមានមួយក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ជៀសវាងការបន្តជម្លោះដែលអាចប៉ះពាល់ដល់ទំនាក់ទំនងសង្គម និងផលប្រយោជន៍រួមរបស់ភាគីពាក់ព័ន្ធ។
សាធារណជនជាច្រើនបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការសម្រេចចិត្តរបស់ភាគីទាំងពីរ ដែលបានដាក់ផលប្រយោជន៍រួម និងសាមគ្គីភាពជាតិជាអាទិភាព ដោយជ្រើសរើសផ្លូវសន្ទនា និងការយោគយល់គ្នា ជំនួសឱ្យការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់។
ក្នុងឱកាសនេះ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះភាគីទំនាស់ទាំងពីរ ដែលបានបង្ហាញនូវភាពចាស់ទុំ ការអត់ឱន និងស្មារតីផ្សះផ្សា ដើម្បីបញ្ចប់វិវាទក្រោមគោលការណ៍ «ខ្មែរតែមួយ ក្រោមដំបូលសន្តិភាព» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន៕
