ខេត្តក្រចេះ៖ នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងឃាត់រថយន្តធុនធំចំនួន ៣ គ្រឿង ដែលដឹកលើសទម្ងន់កំណត់ នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ប្រភពពីក្រុមការងារជញ្ជីងចល័តបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើការថ្លឹង និងត្រួតពិនិត្យរថយន្តទាំង ៣ គ្រឿង ហើយបានរកឃើញថា សុទ្ធតែដឹកលើសទម្ងន់កំណត់ ដោយរថយន្តនីមួយៗដឹកលើសចន្លោះពី ២០ តោន ដល់ ២៣ តោន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រសិនបើរកឃើញថាមន្ត្រីណាម្នាក់មានការពាក់ព័ន្ធ ឬបើកដៃឱ្យរថយន្តដឹកលើសទម្ងន់កំណត់ធ្វើចរាចរណ៍ ឬជួយឱ្យរថយន្តវៀងជញ្ជីងគេចពីការត្រួតពិនិត្យ នោះក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ រួមទាំងប្រធានស្ថានីយជញ្ជីង និងមន្ត្រីទទួលខុសត្រូវផងដែរ។
ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានពីប្រជាពលរដ្ឋ និងប្រភពមួយចំនួនថា នៅមានរថយន្តដឹកខ្សាច់ជាច្រើនគ្រឿងក្នុងខេត្តក្រចេះ បន្តដឹកលើសទម្ងន់កំណត់ ប៉ុន្តែមិនទាន់ទទួលបានការត្រួតពិនិត្យ ឬអនុវត្តវិធានការតាមផ្លូវច្បាប់ពីមន្ត្រីជំនាញនៅឡើយ។ ប្រភពខ្លះបានលើកឡើងថា ករណីនេះអាចពាក់ព័ន្ធនឹងការមានទំនាក់ទំនងជិតស្និទ្ធរវាងក្រុមរថយន្តមួយចំនួន និងមន្ត្រីពាក់ព័ន្ធ៕
