ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
កណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
គម្រោងស្ថាបនាផ្លូវថ្មីនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធានាបាននូវគុណភាព និងសោភ័ណភាពក្នុងក្រុងតាខ្មៅ ដោយមានលក្ខណៈបច្ចេកទេសស្តង់ដារប្រវែងសរុប ១,០០០ ម៉ែត្រ ទទឹងផ្លូវ១០ ម៉ែត្រ ស្រទាប់បេតុងអាមេ៖ កម្រាស់ ០.២០ ម៉ែត្រ (២០ សង់ទីម៉ែត្រ)ស្រទាប់អ៊ុតកៅស៊ូ AC កម្រាស់ ០.០៥ ម៉ែត្រ (៥ សង់ទីម៉ែត្រ)។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ សម្រេចទៅបានដោយសារការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់ ឯកឧត្តម ឈៀ ស៊ីដារ៉ា និងលោកជំទាវ អ៊ុក ផល្លី រួមជាមួយ លោកឧកញ៉ា ថោង សារ៉ាត់។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅសង្កាត់ស្វាយរលំ។
ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់គោរពតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពផ្លូវរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ សូមចូលរួមសហការ និងថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីជាប្រយោជន៍រួមសម្រាប់ទាំងអស់គ្នា៕
