ក្លិបអ្នកសារព័ត៌មានកម្ពុជា សហការជាមួយ CBC បើកវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព»
ភ្នំពេញ៖៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ក្លិបអ្នកសារព័ត៌មានកម្ពុជា (ក.ស.ក) សហការជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) បានរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទ «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ក្រោមការដឹកនាំរបស់ លោក ពុយ គា ប្រធានក្លិបអ្នកសារព័ត៌មានកម្ពុជា។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវនៅក្នុងសង្គម។
កិច្ចពិភាក្សាដេញដោលរវាងអ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ ហានិភ័យ និងការគ្រប់គ្រងបំណុលឱ្យមានប្រសិទ្ធភាព សំដៅជួយប្រជាពលរដ្ឋឱ្យជៀសផុតពីវិបត្តិហិរញ្ញវត្ថុ។ អត្ថបទពិភាក្សាបានផ្តោតសំខាន់លើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ការប្រើប្រាស់ឥណទានឱ្យសមស្របតាមសមត្ថភាពសេដ្ឋកិច្ចជាក់ស្តែង និងការបង្ការហានិភ័យដែលអាចកើតមានពីការខ្ចីប្រាក់លើសសមត្ថភាពសងត្រឡប់។
នៅក្នុងឱកាសនោះ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា ការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាគន្លឹះក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ និងជួយជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានណែនាំ និងដាស់តឿនឱ្យប្រជាពលរដ្ឋពិនិត្យលក្ខខណ្ឌកម្ចី អត្រាការប្រាក់ និងផែនការសងប្រាក់ត្រឡប់មកវិញឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីគ្រឹះស្ថានផ្លូវការ។
ដោយឡែក សម្រាប់អ្នកសារព័ត៌មានវិញ ត្រូវបានជំរុញឱ្យបង្កើនការចូលរួមផ្សព្វផ្សាយព័ត៌មានដែលមានភាពត្រឹមត្រូវ ហ្មត់ចត់ និងជួយអប់រំសាធារណជនអំពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃបំណុល និងលើកកម្ពស់វប្បធម៌ប្រើប្រាស់ឥណទានដោយមានការយល់ដឹងខ្ពស់។
សូមបញ្ជាក់ថា វេទិកាពិភាក្សាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញមកពីអង្គភាពអ្នកសារព័ត៌មាននានា ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ៨៦ នាក់ មកពីបណ្តាស្ថាប័ន និងអង្គភាពព័ត៌មានចំនួន ៦៦ ស្ថាប័ន។ វេទិកានេះត្រូវបានមើលឃើញថា ជាជំហានឈានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការបង្កើនកិច្ចសហការរវាងវិស័យសារព័ត៌មាន និងអ្នកជំនាញហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាពនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ៕
