ឯកឧត្តមណុប ដារាអភិបាលរងខេត្តខេត្តកណ្តាល ចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូវជាតិលេខ២ និងផ្លូវ១០៧ក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ
កណ្តាល៖ ក្នុងគោលបំណពង្រឹសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណ្ឌភាពឱ្យកាន់តែមានភាពស្រស់បំព្រង អាជ្ញាធរខេត្តកណ្តាល ដឹកនាំដោយឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ១០៧ស្ថិតនៅក្នុងភូមិតាខ្មៅ តាខ្មៅ១ តាខ្មៅ ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦
។
ឯកឧត្តមណុប ដារ៉ា បានមានប្រសាសន៍ថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះ គឺផ្តោតសំខាន់លើការរៀបចំទីតាំងលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងការសម្អាតអនាម័យបរិស្ថាន។ អាជ្ញាធរបានណែនាំដល់អាជីវករដែលលក់ដូរលើចិញ្ចើមផ្លូវ ឱ្យរុះរើកាត់សំយ៉ាបផ្ទះ ចាក់សាប បេតុងដែលរំលោភលើចិញ្ចើមថ្នល់ ឬការដាក់តាំងទំនិញដែលបង្កការរំខានដល់ការធ្វើដំណើររបស់ថ្មើរជើង និងយានយន្ត ពិសេសទៀតនោះគឺស្លាកយីហោរបស់ពួកគាត់លយមកចំណីផ្លូវសាធារណៈ គឺអាជ្ញាធរតម្រូវអោយរុះរើជាបន្ទាន់ដោយគ្មានការលើកលែងឡើយ។
ឯកឧត្តមបន្តថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅជុំវិញតំបន់ផ្សារតាខ្មៅចាស់ ដែលតែងតែបង្កឡើងដោយការលក់ដូររំលោភលើផ្លូវ និងជំរុញឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះចោលពាសវាលពាសកាលនៅមុខកន្លែងលក់ដូរ។
ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់អាជ្ញាធរ ព្រោះការរៀបចំសណ្តាប់ធ្នាប់នេះមិនត្រឹមតែធ្វើឱ្យផ្លូវមានភាពទូលាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឱ្យការដើរទិញទំនិញមានភាពងាយស្រួលជាងមុន។
ទន្ទឹមនឹងការចុះអនុវត្តនេះ អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមមេត្តាបន្តចូលរួមសហការជាមួយអាជ្ញាធរ ដោយមិនត្រូវត្រឡប់មកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញឡើយក្រោយពេលសមត្ថកិច្ចចេញទៅ។ អាជ្ញាធរនឹងបន្តតាមដាន និងចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាវិធានការនេះមានប្រសិទ្ធភាពយូរអង្វែង។
សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការកែលម្អជីវភាពរស់នៅ និងបរិយាកាសទូទៅនៅក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែប្រសើរឡើង៕


