ឯកឧត្ដម បណ្ឌិត ពេជ្រ ស្រស់ ស្នើសុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាប្រោសប្រណី Love Riya ខណៈលោក វ៉ាន់ សារ៉ាយ លើកឡើងដែរថា
ក្រោយស្ថានភាពរបស់ អ្នកនាង Love Riya ពេលកំពុងពពោះកូនភ្លោះនោះ, នៅថ្ងៃនេះ លោកបណ្ឌិត បាន បង្ហោះសារ ស្នើសុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះថា «នេះជាលើកទី១ ដែលខ្ញុំស្នើសុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចកិត្តិ មេត្តាប្រោសប្រណីនាង Love Riya ស្នើដល់តុលាការឱ្យនាងបាននៅក្រៅឃុំផងចុះ ដើម្បីឱ្យនាងបានថែទាំកូននៅក្នុងផ្ទៃ»។
អ្នកលេងបណ្ដាញសង្គមជាច្រើនបានគាំទ្រនូវសំណើនេះ ក្នុងនោះ លោក វ៉ាន់ សារ៉ាយ ដែលជាអ្នកព័ត៌មានល្បីម្នាក់ ក៏បានគាំទ្រសំណើនេះដែរ។ បង្ហោះសារភ្ជាប់ជាមួយរូបថតសម្ដេចកិត្តិព្រឹទ្ធិ បណ្ឌិត និង ស្ក្រីនសតរបស់ លោកបណ្ឌិត ពេជ្រ ស្រស់ អ្នកសារព័ត៌មានល្បីឈ្មោះរូបនេះ រៀបរាប់ដូច្នេះថា «ខ្ញុំគាំទ្រសំណើរបស់លោក ពេជ្រ ស្រស់។ ខ្ញុំក៏មានក្តីរំពឹងទុកថា បើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឃើញសំណូមពរនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបេះដូងពោរពេញដោយក្តីសណ្តោសប្រណីនោះ នឹងពិចារណាលើសំណូមពរមួយនេះ។
ខ្ញុំក៏ជាអ្នកធ្លាប់រិះគន់រឿងសម្ញែងរថយន្តរបស់ក្រុមអ្នកស្រី Love Riya តែក៏មានក្តីសង្វេគពេលឃើញស្ថានភាពរបស់គាត់។ សូមជូនពរឱ្យគាត់ទទួលបានឱកាសជួបជុំកូនៗឡើងវិញ។ សូមឱ្យមេរៀនជីវិតលើកទី២ បានឱ្យគាត់យល់ពីតម្លៃ និងសេចក្តីថ្លៃថ្នូរនៃជីវិត»៕
