ឯកឧត្តម គួច ចំរើន អញ្ជើញធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ អំពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញធ្វើបទបង្ហាញការចែករំលែកបទពិសោធន៍ អំពីការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ ឯកឧត្តម គួច ចំរើន បានលើកយកនូវលក្ខណៈសម្បត្តិទាំង៧ ដោយក្នុងនោះរួមមាន ៖

ទី១.ផ្តល់សេវាសាធារណៈ ទៅលើសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

ទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហារ ប្រកបដោយប្រសិទ្ធភាព។

ជាងនេះទៅទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ អំពីកត្តាគន្លឹះដែលនាំមកនូវភាពជោគជ័យគឺ ៖ ការងារផ្សព្វផ្សាយនានា បានចំនួន ១៨ ៦៩៧ លើក អ្នកចូលរួម ១ ៣៦៧ ២០៨ នាក់ ស្រី ៧២២ ២១១ នាក់ បើកវេទិកាសាធារណៈ បានចំនួន ១៦ ២៥០ លើក អ្នកចូលរួម ៦១៤ ៥០៨ នាក់ ស្រី ៣៤២ ១២២ នាក់ ចលនាប្រជាការពារ ប្រជាការពារ ១ ២០៩ ក្រុមកម្លាំងសរុប ១៤ ២៨៩ នាក់ ស្រី ១៩៥ នាក់ ការតាមដានព័ត៌មានមូលដ្ឋាន៖ សរុប ៣ ០២៧ ព័ត៌មាន ក្នុងនោះ ២ ៤០៧ ព័ត៌មាន (៩៣%) ជាព័ត៌មានទូទៅ និង២២០ ព័ត៌មាន (៧%) ជាព័ត៌មានរិះគន់ស្ថាបនា ។

ទន្ទឹមនឹងនេះ ក៏បានបើកវគ្គបណ្តុះបណ្តាលចំនួន៦ជំនាញ លើការងារសន្តិសុខសណ្តាប់ធ្នាប់ និង២៧ វគ្គ ស្តីពី សិទ្ធិតួនាទី និងភារកិច្ចរបស់ប្រជាការពារ ដល់ប្រធាននិងអនុប្រធានក្រុមប្រជាការពារក្រុង-ស្រុកសរុប ៣ ៥២៧ នាក់ (ស្រី ៥១ នាក់)៕

អត្ថបទដែលជាប់ទាក់ទង