នគរបាលក្លែងក្លាយ​ ១ក្រុម​ បានអស់លក្ខ​ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖​ នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់ កាលពីវេលាម៉ោង​ ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន​ ៤នាក់ ជិះម៉ូតូ៣គ្រឿង ពាក់កាត CID មកឈប់ឃាត់គាត់នៅក្បែរស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី។

លោកអធិការងបានបន្តទៀតថា នៅពេលនោះគាត់បានប្រាប់ទៅកាន់ក្រុមនគរបាលក្លែងក្លាយទាំងនោះថាគាត់ គឺជាអធិការងខណ្ឌពោធិ៍សែនជ័យ តែពួកគេមិនជឿរព្រមទាំងស្រែកសម្លុតគាត់ទៅវិញ ទើបភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ក្រុមក្លែងក្លាយនោះ យកទៅធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។

បន្ទាប់ពីឃាត់ខ្លួនក្រុមនគរបាលក្លែងក្លាយរួច ព័ត៌មានក៏បានផ្សព្វផ្សាយដល់បុរសម្នាក់ ដែលធ្លាប់ជាជនរងគ្រោះ​ ដែលត្រូវបានក្រុមនេះបន្លំធ្វើស៊ីលុយអស់ជាង​ ៣០០ដុល្លារ​ កាលពីពេលកន្លងមក ក៏បានធ្វើដំណើរទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹងបន្ថែម។
លទ្ធផល​ ក្រុមនគរបាលក្លែងក្លាយដែលមានពាក់កាត ព្រហ្មទណ្ឌ (CID)​ ឬគេហៅថាកូនខ្លា ឬប៉ូលីសជ័រខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនាំ និងបំពេញសុំណុំរឿង អនុវត្តបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង