ឯកឧត្តម គួច ចំរើន បានមានប្រសាសថា”សាលារៀន គឺជារោងចក្រផលិតសមត្ថភាពរបស់មនុស្ស”

កណ្ដាល៖ ការលើកឡើងបែបនេះនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៃសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាកលវិទ្យាល័យ សម្ដេព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងដូច្នេះថា៖ សាលារៀន គឺជារោងចក្រផលិតសមត្ថភាពរបស់មនុស្ស ព្រោះថាសាលាមិនថាកម្រិតណា ថ្នាក់ណា បច្ចេកទេសអ្វីនោះទេ ឱ្យតែខិតខំធ្វើការបណ្ដុះបណ្ដាល ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកផ្ទេរនូវចំណេះដឹងទៅកាន់សមណសិស្ស សិស្ស និស្សិត និងសមណនិស្សិតរបស់យើង គ្រប់ជំនាញ និងគ្រប់ចំណេះដឹងទាំងអស់ គឺសុទ្ធតែជាការបង្កើនសមត្ថភាពសម្រាប់មនុស្សយើងគ្រប់ៗរូបឱ្យទទួលបានការសិក្សា។ ដែលចំណុចនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសាលា បានផលិតនូវធនធានមនុស្សបានយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយបានចាប់ផ្ដើមតាំងពីកុមារតូចរហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ និងខ្លះបន្តដល់ក្រោយឧត្តមសិក្សាបន្តទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បន្ថែមថា សាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួរ គ្រី នេះមិនមែនជាសាលារបស់រដ្ឋនោះទេ ប៉ុន្តែទទួលបានការគាំទ្រពីសប្បុរសជននានា ដែលបានមកពីការខិតខំប្រឹងប្រែងកៀរគររបស់សម្ដេចព្រះសង្ឃរាជ បួរ គ្រី និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ សម្ដេព្រះមហាសង្ឃរាជ បួរ គ្រី ហើយនឹងការចូលរួមគាំទ្រពីថ្នាក់ដឹកនាំក៏ដូចជាសប្បុរសជនជាតិ និងអន្តរជាតិជាច្រើន ដោយបានការផ្ដល់ការគាំទ្រដែលបានធ្វើឱ្យសាលានេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីក និងមានសមត្ថភាពកាន់តែល្អប្រសើរនៃសព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តកណ្តាល សង្ឃឹមថាថ្ងៃក្រោយទៅ សមណសិស្ស សិស្ស និស្សិត និងសមណនិស្សិតរបស់យើង នឹងក្លាយទៅជាបណ្ឌិត នឹងក្លាយទៅជាកវី និងក្លាយទៅជាអ្នកប្រាជ្ញ នងក្លាយជាអ្នកខ្លាំងពូកែ ដើម្បីចូលរួមក្នុងការដឹកនាំសង្គមជាតិយើងឱ្យមានការរីកចម្រើនលូតលាស់ទៅមុខបន្ថែមទៀតផងដែរ។

លោកបណ្ឌិត តឹក មេង សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានហើយដឹងថា៖ សាកលវិទ្យាល័យ បានផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូបបានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ និងឆ្នាំទី៥ ដែលជាឆ្នាំបញ្ចប់ការសិក្សា ហើយសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបូរ គ្រី បានធានា នូវគុណភាពនៃការអប់រំ ឱ្យមានគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។

លោកបណ្ឌិតសាកលវិទ្យាធិការរង បន្តថា៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានចំនួន៦ មហាវិទ្យាល័យ មានដេប៉ាតឺម៉ង ចំនួន ១៨ និង ៣២ មុខជំនាញដូចជា៖
១-មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា
២-មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម
៤-មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម
៥-មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍និងទេសចរណ៍
៦-មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គងធុរកិច្ច៕

អត្ថបទដែលជាប់ទាក់ទង