លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា ដែលជាយោធិននៃកងពលធំ អន្តរាគមន៍លេខ៣កងទ័ពជើងគោក ខណ្ឌមានជ័យ
ខណ្ឌមាន៖ នាព្រឹក ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៨៩ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយលោកប្រាំង សុផល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ព្រិន្ទបាលឯក សៅ វីរៈដារ៉ា ដែលជាយោធិននៃកងពលធំ អន្តរាគមន៍លេខ៣កងទ័ពជើងគោក ដែលបានពាលីជីវិតដ៏អង់អាចក្លាហាននៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីដែនអធិបតេយ្យភាពជាតិ និងខ្សែបន្ទាត់ព្រំដែនពីទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធសៀម ។
ក្នុងពិធីដ៏ក្រៀមក្រំនេះ លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌព្រមទាំងក្រុមការងារ បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯកសៅ វីរៈដារ៉ា ដែលជាយោធិននៃកងពលធំអន្តរាគមន៍លេខ៣កងទ័ពជើងគោកសូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាឡោះអាល័យជាមួយក្រុមគ្រួសារនៃសពផងដែរ។
លោកសេង គន្ធ និងលោកប្រាំង សុផលបានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់លោកព្រិន្ទបាលឯកសៅ វីរៈដារ៉ា ដែលជាការបាត់បង់នូវបីតា ជីតា អ៊ុំ ពូ បង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ប្រកបដោយទឹកចិត្តស្វាមីភក្តី ចំពោះជាតិ និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ បន្ទប់មក លោកប្រាំង សុផលប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យក៍បានអញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់លោកព្រិន្ទបាលឯកសៅ វីរៈដារ៉ា ៕
