រថយន្តដឹកឧបករណ៏៏និងក្រុមតន្ត្រីអ៊គ័កាដង់ បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ០៣ខ្នង  ក្រោយប្រគុំចប់ត្រឡប់ទៅផ្ទះវិញ

កណ្តាល ÷ រថយន្តដឹកឧបករណ៏តន្ត្រីសម័យអ៊គ័កាដង់  មានអ្នកតន្ត្រី អ្នកចម្រៀង អ្នករាំកំដរឆាក  អ្នកបើករថយន្ត បានរេចង្កូតបុករះផ្ទះអាជីវករផ្សា ចំនួន០៣ខ្នង ក្រោយពេលប្រគុំចប់ត្រឡប់ទៅផ្ទះវិញ   ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ នៅចំណុច អែបផ្លូវជាតិលេខ ២១ ស្ពានលេខ(៦)  ផ្សារោងចក្រព្រែកឡុង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៏ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ធបាលរកាខ្ពស់ បានប្រាប់អោយដឹងថា÷ នៅវេលាកើតហេតុ មានក្រុម តន្ត្រីសម័យអ៊គ័កាដង់ មួយក្រុម មានអ្នកតន្ត្រី អ្នកចម្រៀងស្រីប្រុស អ្នករាំកំដរឆាក អ្នករៀបចំឆាក តៃកុងរថយន្ត  លើសពី១០នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណ ទាំងមនុស្ស ទាំងយីហោក្រុមតន្ត្រី ដោយគ្រាន់តែប្រាប់ថា  មកពីប្រគុំតន្ត្រីក្នុងកម្មវិធីមង្គលមួយ នៅក្នុងស្រុកស្អាង ហើយត្រូវជិះលើរថយន្តម៉ាក HYUNDAI ចំណុះ២តោនកន្លះពាក់ស្លាកលេខ តាកែវ 3A – 3874( រថយន្តរងការខូចខាត ផ្នែកកាប៊ីនខាងមុខ)   ដែលត្រូវ វិលត្រឡប់ទៅឯខេត្តតាកែវវិញ   ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តបានរេចេញពីផ្លូវមកខាងឆ្វេងបុករះផ្ទះអាជីវករផ្សាលក់ដូរចំនួន ០៣ផ្ទះ បណ្តាលអោយ តៃកុងរថយន្តរងរបួសដើមទ្រូងបុកជាមួយដៃចង្កូតរថយន្ត បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ  និងបានប្រាប់សមត្ថកិច្ចថា÷  ទុកអោយថៅកែក្រុមតន្ត្រី ជាអ្នកដោះស្រាយ រួចពួកគេបានគេចខ្លួនបាត់អស់   ។

លោកនាយប៉ុស្តិ៍បានបន្ថែមថា÷ លំនៅដ្ធាន០៣ខ្នង សាងសង់អំពីដែក ប្រក់សង្ក័សី បានរងការខូចខាត បាក់បែករហែកជញ្ជាំង បាក់សសរដែក ខូចទ្វារមូរ ធ្នឹមដែក យ៉ខាងមុខ ដាច់ខ្សែភ្លើងបែកអំពូល  រួមនិងសម្ភារ: ចាប់ហួយគ្រឿងទេសជាច្រើនទៀត  តែជាសំណាងដែលម្ចាស់ផ្ទះមិនមានរងរបួសគ្រោះថ្នាក់នោះឡើយ  ចំនែកក្រុមតន្ត្រី ក៏ជីវិតថ្លៃដែរ ដែលជាធម្មតា ពេលចេញទៅប្រគុំតន្ត្រី ពួកគេតែងតែជិះលើឧបករណ៏ភ្លេង និងដែក ក្តារឆាក តែពេលប្រគំុចប់ត្រឡប់ទៅផ្ទះវិញ ពួកគេបានគេង ដែលធ្វើអោយពួកគេរួចផុត មិនមុតសន្លឹកសង្ក័សីដំបូលផ្ទះដែលរថយន្តបានបុកនោះ ។

លោក ឈឿ សុភគ្រ័ ដែលជាម្ចាស់ផ្ទះរងគ្រោះ បានប៉ាន់ប្រមាណលើការខូចខាត គឹតជាទឹកប្រាក់សរុបទាំង ០៣ផ្ទះ ប្រមាណ ៨ ពាន់ដុល្លា ហើយគិតមកដល់ម៉ោង ១២ ថ្ងៃដដែល មិនទាន់ឃើញម្ចាស់រថយន្តថៅកែតន្ត្រីសម័យ ចូលខ្លួនជួបចរចារដោះស្រាយជាមួយ ម្ចាស់ផ្ទះរងគ្រោះទាំង០៣នៅឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង