ឯកឧត្តម ឈុន ពុទ្ធរិទ្ធ អគ្គនាយក អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យជាក់ស្តែងមាត់ច្រាំងស្ទឹងលើកដែកដែលរងការបាក់ស្រុត ក្នុងភូមិសាស្ត្រស្រុកកោះធំ ខេត្តកណ្តាល

កណ្តាល     នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ នេះ ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ព្រមទាំងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ឯកឧត្តមអគ្គនាយកបច្ចេកទេស បានបញ្ជាក់ឱ្យដឹងថា ទីតាំងដែលបានបាក់ស្រុតនេះស្ថិតនៅវត្តជ្រោយជាប់មាត់ស្ទឹងលើកដែក នៅពេលដែលទឹកពីទន្លេមេគង្គ និងទន្លេបាសាក់ហូរចូលតាមព្រែកលើកដែកមកប្រសព្វត្រង់ចំណុចមុខវត្តជ្រោយនេះធ្វើឱ្យចរន្តទឹកកួចវិល បណ្តាលឱ្យដីច្រាំងសឹករិចរិល ស្របពេលលូរំដោះទឹកភ្លៀងក្នុងវត្តបង្ហូរធ្លាក់ចំទីតាំងដែលបានបាក់ស្រុត ដែលជាផ្នែកមួយធ្វើឱ្យមានជម្រាបទឹកក្រោមដី បណ្តាលឱ្យមានការបាក់ស្រុតតែម្តង។
សូមបញ្ជាក់ថា ហេតុការណ៍បាក់ស្រុតច្រាំងនេះបានបណ្តាល ច្រាំងស្ទឹងលើកដែកបាក់ស្រុតប្រវែង ៤០ម៉ែត្រ និងបាក់ចូលជម្រៅប្រហែល ២០ម៉ែត្រ ព្រមទាំងបង្កការខូចខាតកុដិចំនួន ១ខ្នង ខ្យូសប្រក់ក្បឿងចំនួន ១ខ្នង និងខ្ទមអ្នកតាចំនួន១ ផងដែរ៕

default

default

default
default
default

អត្ថបទដែលជាប់ទាក់ទង