លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AFPPD ដើម្បីអនុម័តផែនការសកម្មភាពឆ្នាំ២០២៦-២៧
ក្នុងឱកាសចូលរួមសន្និសីទវេទិកាសភាស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) ថ្នាក់តំបន់ប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD និងរបៀបវារៈឆ្នាំ២០៣០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា អនុប្រធានប្រចាំការ CAPPD និងជាអនុប្រធាន AFPPD នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានចូលរួមពិភាក្សា និងអនុម័តទៅលើថវិកា AFPPD ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាព AFPPD សម្រាប់ការអនុវត្តនៅឆ្នាំ២០២៦-២០២៧។
ផែនការសកម្មភាពទាំងនោះ រួមមានសកម្មភាពកម្រិតគណៈកម្មាធិការជាតិនៅតាមបណ្តាប្រទេសជាសមាជិក និងសកម្មភាពកម្រិតតំបន់ដែលសមាជិក AFPPD មានបំណងធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅលើសសរស្តម្ភទាំង៤ របស់ AFPPD៖ សមភាពយេនឌ័រ យុវជន មនុស្សចាស់ និងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា វេទិកានេះមានការចូលរួមពីប្រទេសប្រមាណ ៣០ ជាសមាជិកនៃវេទិកាសភាស្តីពីប្រជាជននិងអភិវឌ្ឍន៍ (AFPPD) មកពីតំបន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និងអាហ្រ្វិក រួមទាំងអង្គការដៃគូនានាមួយចំនួនទៀត៕

