ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប អនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាណ៤៥រូប។
កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី ផ្តោតលើចំណុចខ្លាំង ចំណុចខ្សោយនៃរចនាសម្ព័ន្ធ នីតិវិធីបំពេញការងាររបស់ក្រុមប្រឹក្សា ការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា និងការត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា ការកសាងផែនការ ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិ ការផ្តល់សេវារដ្ឋបាល យន្តការទទួលនិងសម្រុះសម្រួលបណ្តឹងតវ៉ា សំណើសំណូមពររបស់ប្រជាពលរដ្ឋ យន្តការសម្របសម្រួលការផ្តល់សេវាសាធារណៈតាមវិស័យជំនាញនានាជូនប្រជាពលរដ្ឋ ការត្រួតពិនិត្យឬការធ្វើសវនកម្មផ្ទៃក្នុង និងការត្រួតពិនិត្យនីត្យានុកូលភាព ការគាំទ្រសមត្ថភាពនិង បច្ចេកទេសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។
សូមជម្រាបជូនដែរថា សម្រាប់កម្មវិធីចុះសិក្សាស្វែងយល់អំពីស្ថានភាពនៃការរៀបចំនិងការប្រព្រឹត្តទៅនៃរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី មានរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៥ុ៕
 
អត្ថបទដែលជាប់ទាក់ទង