លោក Pavel Durov មហាសេដ្ឋីរុស្ស៊ី និងជាអ្នកបង្កើត Telegram បានប្រកាសថា ទ្រព្យសម្បត្តិជាង១៤ពាន់លានដុល្លារនឹងផ្តល់ឲ្យកូនរបស់គាត់ជាង១០០នាក់។ ក្នុងចំណោមកូនទាំងនេះ មាន៦នាក់ដែលជាកូនបង្កើតរបស់គាត់ ខណៈដែលកូនជាង១០០នាក់ផ្សេងទៀតកើតតាមរយៈការបរិច្ចាគស្ប៉ែមទៅឱ្យនារីរស់នៅ១២ប្រទេសផ្សេងគ្នា (មិនដឹងមាននៅកម្ពុជា ឬអត់ទេ!) គ្រប់កូនទាំងអស់នឹងទទួលបានទឹកប្រាក់ប្រហែល១៣២លានដុល្លារក្នុងម្នាក់ស្មើៗគ្នា។
លោក Durov បានប្រាប់សារព័ត៌មានបារាំង Le Point ថា គាត់មិនធ្វើការបែងចែករវាងកូនដែលកើតដោយធម្មជាតិ និងកូនដែលកើតតាមការបរិច្ចាគមេជីវិតទេ។ ទោះជាយ៉ាងណា កូនទាំងនេះនឹងទទួលបាននៅពេលគេគ្រប់អាយុ៣០ឆ្នាំ ព្រោះគាត់ចង់ឲ្យកូនទាំងអស់ចេះរស់ដូចគេដូចឯង មានទំនុកចិត្តលើខ្លួនឯង និងមិនពឹងផ្អែកលើគណនីធនាគារ។
ការទទួលស្គាល់អត្តសញ្ញាណអាចធ្វើបានដោយការធ្វើតេស្ត ADN ដើម្បីបញ្ជាក់ភាពជាឪពុក។ កូនណាដែលសង្ស័យថា Durov ជាឪពុក អាចដាក់សំណាកសម្រាប់បញ្ជាក់ដើម្បីទទួលបានមរតកនេះ ប៉ុន្តែវាអាស្រ័យទៅលើច្បាប់នៃប្រទេសនីមួយៗនិងទំនាក់ទំនងជាមួយម្តាយ។
បច្ចុប្បន្ន បុរសដែលពូកែ ឈ្លាសវៃ និងមានទ្រព្វសម្បត្តិស្តុកស្តមដោយការរកស៊ីសុចរិតកំពុងត្រូវប៉ាន់ ព្រោះជាមុខសញ្ញាដែលនារីៗចង់បាន បើមិនធម្មជាតិ ក៏តាមរយៈជីវសាស្រ្តមេជីវិតដែរ។ ប៉ុន្តែសូមកុំភ្លេចថា ដើម្បីឱ្យគ្រប់លក្ខណៈជាបុរសនៃក្តីស្រមៃរបស់នារីនាយុគ្គសម័យថ្មីនេះ សូមបុរសៗរក្សាសុខភាព និងសុចរិតភាពឱ្យបានល្អ…
ប្រភព៖ Fortune