សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រំដែនរបស់កម្ពុជា ដែលបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើភាគីថៃចង់បើកវិញ ត្រូវតែបើកទាំងអស់ព្រមគ្នា
(សៀមរាប)៖ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ព្រំដែនរបស់កម្ពុជា ដែលបានបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើភាគីថៃ ចង់បើកព្រំដែនឡើងវិញ គឺត្រូវតែបើកព្រមគ្នាទាំងអស់។
ការបញ្ជាក់បែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំប្រកាស បើកម្ពុជាបិទ គឺអត់មានបើកវិញនៅច្រកហ្នឹងពេលដែលអ្នកឯងបើទេ គឺបិទរហូតទាល់តែព្រំដែនទាំងមូលបើក បានបើកបានមិនមែនថាបើកព្រំដែនជប់គគីថ្ងៃនេះ យើងបើកដែលទេ តែបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទាល់តែអ្នកឯងបើកជាឯកតោភាគី ទូទាំងព្រំដែនទាំងអស់ឱ្យដូចមុន ថ្ងៃទី៧ ខែមិថុនា បានកម្ពុជា គិតគូរក្នុងការបើកព្រំដែនទាំងអស់វិញ ខ្ញុំសូមនិយាយឱ្យច្បាស់»។
បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា មិនលែងល្បែងលិបលៗនោះទេ ពោលនៅពេលដែលរដ្ឋាភិបាលបានសម្រេចហើយ ធ្វើឱ្យបានឱ្យបានច្បាស់លាស់។ កម្ពុជា មិនចង់លេងល្បែងលិបលៗ រញ៉េរញ៉ៃជាមួយអ្នកជិតខាងនោះទេ ប៉ុន្តែ បើអ្នកជិតខាងចង់លេងល្បែងនេះ កម្ពុជា កុំដរជានិច្ច លេងល្បែងសេដ្ឋកិច្ចកម្ពុជា កុំដរ ល្បែងជាតិនិយមថៃ ជាអ្នកបំផុស ដែលធ្វើស្មារតីជាតិនិយមនេះកក្រើកនៅក្នុងប្រទេសកម្ពុជា ដោយប្រជាពលរដ្ឋរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដោយឈរលើស្មារតីស្នេហាជាតិ ប្រឆាំងរាល់ការឈ្លានពានទាំងឡាយពីបរទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ស្មារតីជាតិនិយមនៅកម្ពុជា គឺមិនមែនរដ្ឋាភិបាលកម្ពុជា ជាអ្នកបំផុសនោះទេ ប៉ុន្តែ ដោយសារតែល្បែងជាតិនិយមដែលភាគីថៃ ជាអ្នកបំផុសឡើង។ ការបិតច្រកព្រំដែនជាឯកតោភាគីរបស់ថៃ គួរតែគិតជាចម្បងទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ។ ហើយចលនាជាតិនិយមខ្លាំងនៅកម្ពុជាកើតឡើង ព្រោះតែការគំរាមកំហែងរបស់ថៃមកលើកម្ពុជា ក្នុងនោះថៃបំផុសចលនាជាតិនិយមជ្រុលដើម្បីកេងចំណេញនយោបាយក្នុងប្រទេសខ្លួន ប៉ុន្តែរាលដាលដល់កម្ពុជា ហើយប្រើប្រាស់រឿងសេដ្ឋកិច្ចធ្វើជាអាវុធលាបពណ៌ទម្លាក់កម្ពុជា និងប្រើប្រាស់កងទ័ពគំរាមកំហែងកម្ពុជា។
ទន្ទឹមនឹងនេះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ កម្ពុជា ចាំតែធ្វើតាមក្រោយភាគីថៃតែប៉ុណ្ណោះ ព្រោះថៃជាអ្នកបិទដោយឯកតោភាគីមុន។ ដូច្នេះ ការបើកព្រំដែនឡើងវិញ ក៏ត្រូវតែធ្វើឡើងជាឯកតោភាគីដូចគ្នាដែរ ទៅជាការស្រេច គឺមិនបាច់ចរចាអ្វីនោះទេ។
ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ភាគីថៃ ថាបើសិនជាថៃបើកមុន យ៉ាងយូរ៥ម៉ោងក្រោយ កម្ពុជានឹងបើកដូចគ្នានេះ។ ការបើកឡើងវិញនូវច្រកព្រំដែនទាំងអស់ឱ្យវិលទៅរកប្រក្រតីភាពដូចដើម គឺជាការបង្ហាញនូវឆន្ទៈ និងជំនឿទុកចិត្តរបស់ភាគីទាំងពីរ។ តែដរាបណាភាគីថៃ មិនព្រមបើកព្រំដែនមុនទេ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កុំនិយាយរឿងកិច្ចប្រជុំចរចាឱ្យសោះ ជាពិសេសកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) គឺកម្ពុជា មិនចរចាជាដាច់ខាត។
គួរជម្រាបថា មុនពេលមានបញ្ហាព្រំដែន ច្រកព្រំដែនរវាងកម្ពុជា និងថៃ ត្រូវបើកដំណើរការនៅម៉ោង៦ព្រឹក និងបិទនៅម៉ោង១០យប់។ តែបច្ចុប្បន្នថៃ បើកម៉ោង៨ព្រឹក កម្ពុជាបើកម៉ោង ៩ព្រឹក ហើយបិទម៉ោង៤រសៀលដូចគ្នា។ ការបើកនៅម៉ោង៩ព្រឹកពីភាគីកម្ពុជា គឺជាការឆ្លើយតបនឹងភាគីថៃ ដែលបានបិទដោយឯកតោភាគីមុន៕