ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងនាយកអង្គការ UNICEF វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ!
ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks) នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង UNICEF និងក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានកោតសរសើរនូវលទ្ធផលផ្លែផ្កានៃការអនុវត្តកម្មវិធីសហប្រតិបត្តិការរបស់អង្គការយូនីសេហ្វ និងរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ដែលនាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើន រួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។