អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែន តាមដានពិនិត្យមើល កុំឱ្យមានការជួលដីស្រែ តាមបណ្ដោយព្រំដែនឱ្យជនបរទេស

តាកែវ៖ នៅក្នុងឱកាសចុះពិនិត្យការកសាងផ្លូវតាមបណ្ដោយព្រំដែន ប្រទេសវៀតណាម នៅក្នុងស្រុកបូរីជលសារ នៅថ្ងៃ ព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់ អាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើល មិនត្រូវឱ្យមានការជួលដី ស្រែអោយជនបរទេសចូលមកធ្វើនោះទេ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា កន្លងមកក្រសួងមហាផ្ទៃ ក៍ដូចជារាជរដ្ឋាភិបាល បានចេញលិខិតណែនាំ ដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមខាត់ការជួលដីស្រែតាមបណ្ដោយព្រំដែន អោយជនបរទេស ដូច្នោះ អាជ្ញាធរពាក់ព័ន្ធរួម និងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវទប់ស្កាត់ និងពិនិត្យមើល ករណីនេះ ឱ្យបាន ច្បាស់លាស់ និងត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីស្រែច្រើន កុំជួលអោយជនជាតិវៀតណាម ចូលមកធ្វើព្រោះវាបង្កផលលំបាក និងបង្កភាពស្មុគស្មាញពាក់ព័ន្ធទៅនិងការជួលដីស្រែនេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមថា ពាក់ប័ន្ធរឿងជួលដីស្រែឱ្យជនបរទេសនេះ បើមានមន្រ្តីណា ឃុបឃិតឲ្យមានការជួលដីស្រែ ឱ្យជនបរទេសចូលមកធ្វើ គឺត្រូវទទួលខុសត្រូវនៅចំពោះមុខច្បាប់ ដោយគ្មានការអនុគ្រោះនោះទេ។
នៅក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង ក៍បានលើកឡើងពីការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណាជម្រុញ ឱ្យមានការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេសការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីការពារ បូរណទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង