អាជ្ញាធរខេត្តកំពង់ធំ ដាក់ផែនការ ៣សំខាន់ ដើម្បីទប់ស្កាត់ការចែកចាយគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានលើកឡើងពីវិធានការ ៣សំខាន់ ក្នុងការទប់ស្កាត់ និងបង្រ្កាបការចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំទាំងមូល។ ការលើកឡើងដូចនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ របស់រាជរដ្ឋាភិបាល និងស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពលើការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥​។​

លោក នួន ផារ័ត្ន បានបន្តថា វិធានការ៣កុំ សំខាន់នោះគឺ ១. កុំពាក់ព័ន្ធ គឺខ្លួនឯងមិនប្រើប្រាស់ បើសិនមានមន្ត្រីណាដែលពាក់ព័ន្ធត្រូវបណ្តេញចេញ និងប្រឈមមុខនឹងច្បាប់ក្នុងនាមជាអ្នកអនុវត្តច្បាប់។ ២. កុំបង្កបរិយាកាសសម្រាប់ការជួញដូរ ឬការចរាចរណ៍នានា។ ៣. កុំលើកលែងចំពោះបុគ្គលណាដែលប្រព្រឹត្តិការជួញដូរ ឬប្រើប្រាស់សារធាតិញៀន។​

លោកបន្ថែមទៀតថា គណបញ្ចាការឯកភាពក្រុង-ស្រុកទាំងអស់ ត្រូវប្រឹងប្រែងក្នុងការអភិវឌ្ឍនបន្ថែមព្រោះ ការអភិវឌ្ឍនពិតជាសំខាន់ក្នុងការជួយមនុស្សឱ្យមានការងារធ្វើសេដ្ឋកិច្ចល្អមនុស្សមានការយល់ដឹងនោះការអប់រំមនុស្សក៏ធ្វើឱ្យមានភាពងាយស្រួលដែរ។ គ្រឿងញៀនគឺជារបស់ដែលធ្វើឱ្យមានភាពចលាចលក្នុងសង្គម ភាពអសន្តិសុខរួមទាំងមូល។ បើសិនជាមូលដ្ថានមិនមានការយកចិត្រទុក្ដាក់ទេនោះសង្គមជាតិនឹងរងផលប៉ះពាល់ផងដែរ។

លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ច ត្រូវធ្វើការសកម្មភាពឱ្យបានខ្លាំងក្លាក្នុងការទប់ស្កាត់ការចែកចាយ និងប្រើប្រាស់ខុសច្បាប់ ហើយមិនត្រូវមានការពាក់ព័ន្ធខុសច្បាប់ជាមួយជនដែរប្រព្រឹត្តិនោះទេ។ បើមានមន្រ្តីណាពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយោគយល់៕

អត្ថបទដែលជាប់ទាក់ទង