អភិបាលខេត្តកណ្ដាល បានប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥
កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីគោលការណ៍ និងនីតិវិធី នៃការវាយតម្លៃ ទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ ដោយមានការចូលរួមពី នាយក-នាយិកាបឋមសិក្សា-អនុវិទ្យាល័យ ប្រធានមណ្ឌលសុខភាពក្រុង-ស្រុកជាច្រើនរូប។
ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូទាំង៣ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព មិនត្រឹមតែជាយន្តការមួយក្នុងការជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជូនទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗប៉ុណ្ណោះទេ ការប្រកួតប្រជែងនេះក៏បានផ្តល់ភាពជាគំរូ រួមជាមួយការផ្តល់បទពិសោធន៍ល្អៗ ដល់អង្គភាពទាំង៣ ដើម្បីសិក្សា និងច្នៃប្រឌិតបន្ថែមលើការអនុវត្តសម្រាប់អង្គភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀតផងដែរ នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់គ្រប់អង្គភាពផ្ដល់សេវា ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងនេះ បើទោះបីជាលទ្ធផលក្នុងការប្រកួតយ៉ាងណាក៏ដោយ ការងារដែលសំខាន់នោះ គឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាល និងអប់រំ ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដា។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់គ្រប់បឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព ក្នុងខេត្តកណ្ដាលទាំងមូល ត្រូវតែចូលរួមក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាគំរូសម្រាប់ឆ្នាំ២០២៥នេះឱ្យបានគ្រប់អង្គភាព ក្នុងគោលបំណងដើម្បីស្វែងយល់បានកាន់តែច្បាស់អំពីស្តង់ដារ និងសូចនាករដែលក្រសួងបានកំណត់ ហើយបើទោះបីជាមិនបានជាប់ជាចំណាត់ថ្នាក់ល្អក៏ដោយ ក៏គ្រប់អង្គភាពទាំង៣ ត្រូវតែខិតខំបំពេញបន្ថែមនូវរាល់ចំណុចដែលខ្វះខាតរបស់ខ្លួន ការងារដែលសំខាន់នោះគឺត្រូវខិតខំកែតម្រូវឱ្យស្របទៅតាមស្តង់ដារ និងសូចនាករ សំដៅបំពេញការផ្ដល់សេវារបស់ខ្លួនបានកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក លាង ច័ន្ទរង្សី ប្រធានមន្ទីរមុខងារសារធារណៈខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ខេត្តកណ្តាលបានទទួលលទ្ធផលគួរជាទីមោទនៈ ក្នុងការចូលរួមប្រកួតដំបូងរបស់ខ្លួន ដោយខេត្តកណ្តាលជាខេត្តតែមួយគត់ក្នុងចំណោមរាជធានីខេត្តទាំង២៥ ដែលទទួលបានជ័យលាភី Top ១០ នៅគ្រប់កម្រិត នៃអង្គភាពប្រកួតប្រជែង និងជាប់ជ័យលាភី Top ១០ ដល់ទៅ៦អង្គភាព រួមមាន៖ មត្តេយ្យសិក្សា២ វិទ្យាល័យ១ និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត។ ជាងនេះទៅទៀតខេត្តកណ្តាលជាខេត្តដែលមានបេក្ខភាព ជាប់ជ័យលាភី Top ៥ ច្រើនជាងគេ ដែលមានដល់ទៅ៤អង្គភាព។ ជាលទ្ធផលចុងក្រោយខេត្តកណ្តាល បានទទួលចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេសចំនួន ៣អង្គភាព គឺសាលាមត្តេយ្យធនធានក្រុងតាខ្មៅ វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស និងមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល។ ជ័យលាភីលេខ៥ ទូទាំងប្រទេស គឺមន្ទីរពេទ្យបង្អែកស្រុកពញ្ញាឮ។ ជ័យលាភីលេខ៨ ទូទាំងប្រទេស គឺមន្ទីរពេទ្យតេជោសែនកោះធំ និងលេខ១០ទូទាំងប្រទេស គឺសាលាមត្តេយ្យធនធានទួលត្នោត ស្រុកកៀនស្វាយ។