ស.ស.យ.ក. សហការជាមួយរដ្ឋបាលខេត្តកណ្តាល រៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ កៀរគរជំនួយជូនជនភៀសសឹកនៅភូមិរង់ចាំ
កណ្តាល៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ស្មារតីសាមគ្គីភាព និងមនុស្សធម៌ត្រូវបានបង្ហាញយ៉ាងត្រដែតតាមរយៈការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ និងក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល នៅឯកីឡាដ្ឋានខេត្តកណ្ដាល ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»។
ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការចូលរួមយ៉ាងកុះករពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ស.ស.យ.ក. មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម គួច ចំរើន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺមានគោលបំណងចម្បងក្នុងការកៀរគរថវិកា និងសម្ភារៈពីសំណាក់សប្បុរសជននានា ដើម្បីយកទៅផ្តល់ការគាំទ្រ និងសម្រាលទុក្ខលំបាកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅភូមិរង់ចាំ។
ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្ស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានសហការរៀបចំការប្រកួតនេះឡើង។ ឯកឧត្តមបានលើកឡើងថា៖
“ការប្រកួតនេះមិនត្រឹមតែជាការជួបជុំដើម្បីបង្កើនចំណងមិត្តភាពតាមរយៈកីឡាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ ក្នុងការនាំយកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅជូនប្រជាពលរដ្ឋភៀសសឹក ព្រមទាំងជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គ្រោះ និងសម្រាលការលំបាករបស់ប្រជាជន”។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ស.ស.យ.ក. ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពជាតិ ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការផ្តល់កម្លាំងចិត្ត និងការចូលរួមចំណែកគាំទ្រដល់វីរជនកងទ័ពជួរមុខ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងលះបង់ និងបំពេញបេសកកម្មយ៉ាងអង់អាចក្នុងការការពារជាតិ និងបូរណភាពទឹកដី។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងពោរពេញដោយទឹកចិត្តសប្បុរសធម៌យ៉ាងជ្រាលជ្រៅស្តែងចេញពីការរួមផ្សំពលំកម្លាំងរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕



